កាណាដា៖ ក្រុមអ្នកជួយសង្គ្រោះ បានធ្វើការស្វែងរកនៅតំបន់ដ៏ធំល្វឹងល្វើយនៃមហាសមុទ្រអាត្លង់ទិកខាងជើង សម្រាប់ថ្ងៃទី៣ កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) ដោយប្រតិបត្តិការនេះ ត្រូវធ្វើឡើងដោយមិនឈប់សម្រាក ក្នុងការស្វែងរកនាវាមុជទឹកទេសចរណ៍ ដែលបានបាត់សញ្ញាការទំនាក់ទំនង ខណៈពេលដែលកំពុងដឹកអ្នកដំណើរដែលមានទ្រព្យសម្បត្តិ ស្តុកស្តុម្ភដើម្បីធ្វើដំណើរទៅមើលបំណែករបស់នាវាទីតានិក (Titanic) ក្រោមទឹកដ៏ជ្រៅនៃឆ្នេរសមុទ្ររបស់ប្រទេសកាណាដា។

លក្ខណៈពិសេសរបស់នាវាមុជទឹក Titan ដែលមានប្រវែង ២១ហ្វីត (ជាង ៦ម៉ែត្រ) នេះ គឺវាត្រូវបានផលិតឡើង ដើម្បីអាចនៅក្រោមទឹករយៈពេល ៩៦ម៉ោង ដោយឲ្យមនុស្ស ៥នាក់ នៅក្នុងនោះបានរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលអស់ខ្យល់អុកហ្ស៊ីសែន។ អ្នកបញ្ជានាវាម្នាក់ និងអ្នកដំណើរ ៤នាក់ បានស្ថិតនៅក្នុងនាវាមុជទឹកខ្នាតតូចដ៏ប្រណីតនេះ កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលបាត់ទំនាក់ទំនងជាមួយនាវាមេនៅលើផ្ទៃទឹកប្រហែល ១ម៉ោង និង ៤៥នាទី ក្រោយពីមុជទឹកបានរយៈពេល ២ម៉ោង។
មេបញ្ជាការឆ្មាំល្បាតឆ្នេរអាមេរិក លោក Jamie Frederick បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) ថា យន្តហោះសហរដ្ឋអាមេរិក និងកាណាដា បានរុករកចម្ងាយជាង ៧.៦០០ម៉ាយល៍ក្រឡានៃតំបន់សមុទ្រ ដែលជាតំបន់ធំជាងរដ្ឋ Connecticut របស់សហរដ្ឋអាមេរិកទៅទៀត។

អ្នកដែលនៅក្នុងនាវា Titan របស់ក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក សម្រាប់ដំណើរទេសចរណ៍ដែលមានតម្លៃ ២៥០.០០០ដុល្លារ ក្នុងមនុស្សម្នាក់ រួមមានមហាសេដ្ឋីអង់គ្លេស លោក Hamish Harding វ័យ ៥៨ឆ្នាំ និងពាណិជ្ជករដើមកំណើតប៉ាគីស្ថាន លោក Shahzada Dawood វ័យ ៤៨ឆ្នាំ ជាមួយកូនប្រុសរបស់លោកអាយុ ១៨ឆ្នាំ Suleman ដែលជាពលរដ្ឋអង់គ្លេស។
ដូច្នេះ អ្វីដែលសំខាន់ក្នុងការស្វែងរកនេះ គឺថា អ្នកជួយសង្គ្រោះត្រូវប្រឈមជាមួយឧបសគ្គដ៏ធំទាំងក្នុងការស្វែងរកនាវា Titan ទាំងការជួយសង្គ្រោះមនុស្ស នៅក្នុងនាវាមុជទឹកនេះ៕