ហុងឌូរ៉ាស៖ អាជ្ញាធរហុងឌូរ៉ាស កំពុងស៊ើបអង្កេតលើកុបកម្ម ដែលបានត្រូវរាយការណ៍ថា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១នាក់នៅក្នុងពន្ធនាគាររបស់ស្ត្រី បានបាត់បង់ជីវិត កាលពីថ្ងៃអង្គារ (ទី២0 ខែមិថុនា)។
អ្នកនាំពាក្យម្នាក់ បានប្រាប់សាព័ត៌មាន Reuters ថា ពេលនេះការងារស៊ើបអង្កេតជាដំបូង គឺផ្តោតលើការកំណត់អត្តសញ្ញាណសាកសពនៅមជ្ឈមណ្ឌល Centro Femenino de Adaptacion Social (CEFAS) ដែលជាពន្ធនាគារសម្រាប់អ្នកទោសឧក្រិដ្ឋស្ត្រី ៩០០នាក់ មានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានី Tegucigalpa ដោយនិយាយបន្ថែមថា អ្នកខ្លះស្លាប់ដោយសារការរលាក ខណៈដែលអ្នកផ្សេងទៀតរងការបាញ់ប្រហារ។

លោកស្រី Delma Ordonez ដែលជាប្រធានសមាគមមួយតំណាងឲ្យគ្រួសារអ្នកទោស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការឈ្លោះប្រកែកគ្នា បានផ្ទុះឡើងក្នុងពន្ធនាគារ នៅព្រឹកព្រលឹមថ្ងៃអង្គារ រវាងសមាជិកគូប្រជែងក្រុម Barrio 18 និង Mara Salvatrucha (MS-13) ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានកុបកម្ម។
ចំណែកឯខាងរដ្ឋាភិបាលវិញ មិនទាន់បានបញ្ជាក់លម្អិតអ្វីទេ។ សាច់ញាតិរបស់អ្នកទោស ត្រូវបានឲ្យនៅក្រៅពន្ធនាគារដែលកើតហេតុនោះ កាលពីល្ងាចថ្ងៃអង្គារ ពេលពួកគេទៅរកមើលមនុស្សជាទីស្រលាញ់របស់ខ្លួន។
កាលពីមុន ក៏ធ្លាប់មានប្រវតិ្តកើតហេតុការណ៍ចលាចល ក្នុងពន្ធនាគារ រហូតដល់បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតដែរនៅក្នុងប្រទេសហុងឌុយរ៉ាស ដោយអ្នកទោសចំនួន ១៨នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារបស់ក្រុមអន្ធពាលកាលពីឆ្នាំ២០១៩ ហើយជាង ៣៥០នាក់ ត្រូវភ្លើងឆេះស្លាប់ ក្នុងឆ្នាំ២០១២៕
