ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសនៅថ្ងៃនេះថា មនុស្ស ០៥នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមានម្នាក់ធ្វើដំណើរពីរាជធានីភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា បុរស ២នាក់ និងស្ត្រី ២នាក់ ដែលរស់នៅក្នុងស្រុកកងមាស ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយស្ត្រីម្នាក់ទៀតនៅក្រុងកំពង់ចាម ក៏ត្រូវបានរកឃើញឆ្លងមេរោគផ្លូវដង្ហើមនេះផងដែរ។
រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវទៅពលរដ្ឋពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ទាំង ៥នាក់ ឱ្យទៅផ្ដល់សំណាកពិនិត្យសុខភាព និងរក្សាខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាពខ្លួនឯង។
រដ្ឋបាលខេត្តនេះក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយហើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយនៅខេត្តនេះ មានចំនួន ៣១នាក់ហើយនៅត្រឹមថ្ងៃនេះ៕