ក្លិបញញួរធំ West Ham United ជាថ្មីម្តងទៀតបានបដិសេធសំណើទី ២ របស់ Arsenal ក្នុងការចង់បានខ្សែបម្រើអង់គ្លេស Declan Rice។
សំណើនៃការចង់បានរបស់ Declan Rice លើកនេះត្រូវបានគេដឹងថា Arsenal ហ៊ានឱ្យថ្លៃដល់ទៅ ៩០លានផោនរួមជាមួយនឹងប្រាក់បន្ថែមផ្សេងៗ តែបើគិតជាតម្លៃផ្ទេរជាគោលគឺ ៧៥ លានផោន។
ប្រធានក្លិប West Ham លោក David Sullivan ធ្លាប់បាននិយាយថា លោកមានជំនឿ ៩៩% ថា Declan Rice ដែលជួយក្រុមឈ្នះជើងឯក Europa Conference League នោះ នឹងចាកចេញពីក្លិបនៅរដូវក្តៅខាងមុខ។

យ៉ាងណាក្តី ទំនិញល្អ អតិថិជនកាន់តែចង់បាន អ្នកលក់កាន់តែតម្លើងថ្លៃ ស្របពេល West Ham សម្លឹងឃើញថា អាចទាមទាបានលើសនេះសម្រាប់ការផ្ទេរកីឡាករវ័យ ២៤ ឆ្នាំរូបនេះ។
សូមរំលឹកថា Declan Rice បានបង្ហាញខ្លួនសរុបឱ្យ West Ham ២៤៥ ប្រកួតរកបាន ១៥ គ្រាប់ បន្ទាប់ពីចាប់ផ្តើមអាជីពដំបូងនៅរដូវកាល ២០១៦-១៧ ក្រោយងើបពីថ្នាលយុវជនរបស់ក្លិបតែម្តង។
Rice បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអង់គ្លេស ៤១ លើក និងបង្ហាញខ្លួនពេញទាំង ៥ ប្រកួតរបស់អង់គ្លេសផងដែរនៅ World Cup ២០២២ ឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ
