ខ្សែបម្រើ Chelsea និងក្រុមជម្រើសជាតិបារាំង N’Golo Kante បានឈានដល់កិច្ចព្រមព្រៀងហើយ ក្នុងការផ្លាស់ទៅកាន់ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad។
កិច្ចសន្យារបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះជាមួយ Chelsea នឹងអស់សុពលភាពនៅដំណាច់ខែមិថុនានេះ។
Kante មានបញ្ហារបួសញាំញីក្នុងរដូវកាល ២០២២-២៣ ដែលទើបបញ្ចប់កន្លងមក បង្ហាញខ្លួនបានត្រឹម ៩ ប្រកួតប៉ុណ្ណោះ។ 
N’Golo Kante នឹងចូលរួមជាមួយ Karim Benzema នៅ Al-Ittihad ដែលទើបចុះហត្ថលេខាលេងឱ្យក្លិបនៅលីគកំពូងអារ៉ាប៊ីសាអ៊ូឌីតមួយនេះ ៣ ឆ្នាំ។

ក្នុងអាជីពនៅទឹកដីអង់គ្លេស ខ្សែបម្រើបារាំង N’Golo Kante មានអាជីពជោគជ័យគួរកត់សំគាល់ ដោយឈ្នះជើងឯក English Premier League ជាមួយ Leicester នៅឆ្នាំ ២០១៦ មុនពេលផ្លាស់មកកាន់ Chelsea។
នៅ Stamford Bridge ទៀតសោត Kante ក៏ជួយ Chelsea ឈ្នះជើងឯក Premier League ម្តងទៀតរួមជាមួយនឹង UEFA Champions League និង Europa League។
N’Golo Kante ដែលជាសមាជិកសំខាន់របស់ក្រុមជម្រើសជាតិបារាំងឈ្នះជើងឯក World Cup នៅឆ្នាំ ២០១៨ នោះ បានចុះហត្ថលេខារយៈពេល ៣ ឆ្នាំលេងឱ្យ Al-Ittihad ជាមួយនឹងប្រាក់ឈ្នួល ៨៦ លានផោន៕ អត្ថបទ៖នាង សុភាវុធ
