ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធីខួប៣ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
ថវិកាមូលនិធិសប្បុរសធម៌ចំនួន ២០ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដែលប្រមូលបានពីកម្មវិធីខួប ៣ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ទី៨ ខែមីនា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងនៃមន្ទីរពេទ្យទាំង២ នៅទីស្តីការក្រសួងសាធារណការ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថា ការប្រគល់ថវិកាមូលនិធិសប្បុរសធម៌នាពេលនេះ គឺដោយទទួលបាននូវការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យគណៈកម្មការគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តពិសេស យកថវិកាដែលបានមកពីការរៀបចំខួប ៣ឆ្នាំ ការដាក់លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចំនួន ១០ម៉ឺនដុល្លារ និងមន្ទីរពេទ្យកុមារជាតិចំនួន១០ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការពិនិត្យ និងការព្យាបាលជំងឺកុមារនៅកម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឲ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមានលក្ខណៈពិសេសអាចកុម្ម៉ង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសសំបូរបែបជូនប្រជាពលរដ្ឋ ហើយផ្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឲ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួននាពេលក្រោយៗទៀតបានផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា