អេស្តូនី៖ កាលពីថ្ងៃអង្គារម្សិលមិញ សភាអេស្តូនី បានអនុម័តច្បាប់ឲ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសលើកដំបូងគេនៅអឺរ៉ុបកណ្តាល ធ្វើបែបនេះ ។
គួរឲ្យដឹងថា អាពាហ៍ពិពាហ៍ភេទដូចគ្នា ស្របច្បាប់នៅតាមតំបន់ជាច្រើននៅអឺរ៉ុបខាងលិច ប៉ុន្តែមិនមែននៅតាមបណ្តាប្រទេសអឺរ៉ុបកណ្តាលនោះទេ ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់របបកុំម្មុយនិស្ត និងសមាជិកសម្ព័ន្ធកិច្ចព្រមព្រៀងវ៉ាសូវី ដឹកនាំដោយទីក្រុងម៉ូស្គូ តែបច្ចុប្បន្នជាសមាជិកអង្គការណាតូ ហើយនិងតាមបណ្តាប្រទេសជាច្រើននៅសហភាពអឺរ៉ុប ។

អ្នកស្រី Annely Lepamaa ដែលជាស្រ្តីស្រលាញ់ភេទដូចគ្នាវ័យ ៤៦ឆ្នាំ និយាយថា វាដូចជារដ្ឋទទួលយកខ្ញុំអញ្ចឹង ។
សេចក្តីស្នើច្បាប់ទទួលបានការគាំទ្រ ៥៥សំឡេងនៅក្នុងសភាមាន ១០១អាសនៈ មកពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សសេរីនិយម និងសង្គមប្រជាធិបតេយ្យដែលលោកស្រីនាយករដ្ឋមន្រ្តី Kaja Kallas បានកោះប្រជុំ បន្ទាប់ពីការឈ្នះឆ្នោតឆ្នាំ ២០២៣របស់លោកស្រី ។
លោកស្រី Kallas និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្រោយការបោះឆ្នោតថា សាររបស់ខ្ញុំទៅកាន់អឺរ៉ុបកណ្តាល គឺថាវាគឺជាការតស៊ូដ៏លំបាក ប៉ុន្តែអាពាហ៍ពិពាហ៍ និងសេចក្តីស្រលាញ់ គឺជាអ្វីមួយដែលអ្នកត្រូវតែលើកកម្ពស់ ។ "
លោកស្រីបន្តថា ពួកយើងបានអភិវឌ្ឍច្រើនណាស់ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចាប់តាំងពីពួកយើងរំដោះខ្លួនឯងពីការកាន់កាប់របស់សហភាពសូវៀត ។ ពួកយើងស្មើភាពគ្នានៅក្នុងចំណោមប្រទេសដែលមានតម្លៃដូចគ្នា ។
សូមបញ្ជាក់ថា ច្បាប់មួយនេះ នឹងចូលជាធរមាន ចាប់ពីឆ្នាំ ២០២៤តទៅ ៕

