ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំង បានបង្ហាញថា ប្រជាពលរដ្ឋជិត ១លាន ៩៤ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ដូសដំបូង។
របាយការណ៍ចេញដោយគណៈកម្មការចំពោះកិច្ចនេះ បង្ហាញថា ប្រជាពលរដ្ឋដល់ទៅជាង ២លាននាក់ បានចុះឈ្មោះស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំង ប៉ុន្តេ ពលរដ្ឋជាង ១,៩៤លាននាក់ បានទទួលវ៉ាក់សាំងដែលផ្ដល់ឱ្យដោយក្រសួងសុខាភិបាល និងក្រសួងការពារជាតិក្នុងរយៈពេល ៩២ថ្ងៃចុងក្រោយមកនេះ។
បើតាមរបាយការណ៍នេះ ពលរដ្ឋជិត ១លាន ១៣ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងទាំងពីរដូសក្នុងអំឡុងពេលនេះ។
តួលេខនេះ បញ្ជាក់ថា កម្ពុជាសម្រេចការចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានខ្ទង់ ១៩ភាគរយនៃពលរដ្ឋ ១០លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់សម្រាប់ការចាក់វ៉ាក់សាំងនៅត្រឹមចុងឆ្នាំនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ដែលបានបន្តដំណើរការអស់រយៈពេល ៩២ថ្ងៃរួចមកហើយ។
ក្នុងរយៈពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំងដល់ទៅជាង ៤លាន ៧សែនដូសរួចមកហើយ ក្នុងនោះមានវ៉ាក់សាំងស៊ីណូហ្វាមដែលរដ្ឋាភិបាលផ្ដល់ជាជំនួយមកកម្ពុជា វ៉ាក់សាំងស៊ីណូវ៉ាក់ដែលកម្ពុជាបានបញ្ជាទិញពីចិន និងវ៉ាក់សាំងខូវីហ្ស៊ែល (Covishield) ដែលត្រូវបានផលិតឡើងនៅក្នុងប្រទេសឥណ្ឌាក្រោមអាជ្ញាប័ណ្ណរបស់វ៉ាក់សាំង AstraZeneca ដែលត្រូវបានផ្ដល់ជាជំនួយមកកម្ពុជាតាមរយៈយន្តការរបស់អង្គការសុខភាពពិភពលោក៕
