ស៊ីរ៉ី ៖ លោក Mohammad Samir Mohammad និងលោក Ahmad Ghazal ដែលជាជនភៀសខ្លួនស៊ីរី នៅមានសោរផ្ទះដែលពួកគេជម្លៀសចេញ ជាប់ខ្លួនពួកគេដោយសង្ឃឹមថានៅថ្ងៃណាមួយ ពួកគេនឹងអាចវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ។
លោក Mohammad និងលោក Ghazalបានជម្លៀសខ្លួន អំឡុងសង្រ្គាមស៊ីវិលស៊ីរី ហើយបច្ចុប្បន្នពួកគាត់រស់នៅក្នុងជំរំ Habbat al-Barakaនៅជិតព្រំដែនស៊ីរី-ទួរគី ស្ថិតក្នុងខេត្ត Northern Aleppo ។
បុរស ២នាក់ នៅតែមានក្តីស្រមៃវិលត្រឡប់ទៅកាន់ផ្ទះដែលពួកគេបានទុកចោល ហើយសង្ឃឹមថានៅថ្ងៃណាមួយ ពួកគាត់ នឹងអាចជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគាត់ម្តងទៀត នៅក្នុងភូមិរបស់ពួកគាត់ ។
លោក Ahmad Ghazal ដែលជាជនភៀសខ្លួនក្នុងប្រទេស និយាយថា ខ្ញុំបន់អស់ពីបេះដូងរបស់ខ្ញុំឲ្យបានវិលត្រឡប់ទៅកាន់ភូមិ និងផ្ទះរបស់ខ្ញុំវិញ ។ ពួកយើងទាំងអស់គ្នាឆ្អែតចិត្តខ្លាំងណាស់ ។ ពួកយើងមានផ្ទះធំ ខ្ញុំមានផ្ទះ ២-៣ខ្នងនៅក្នុងភូមិ ។ ខ្ញុំមានសួនច្បារ និងផ្ទះធំ ដើមអូលីវ និងដី ។ ពួកយើងធ្លាប់រស់នៅក្នុងជីវិតល្អប្រសើរ ហើយមកទីនេះ រស់នៅក្រោមសំពត់តង់ដែលធ្វើឲ្យពួកយើងអាម៉ាស់មុខខ្លាំងណាស់ ។
សូមបញ្ជាក់ថា ជំរំ Habbat al- Baraka មានជនភៀសខ្លួនជាង ៨០០គ្រួសារ ដែលរួមទាំងស្រ្តី និងកុមាររស់នៅក្រោមសំពត់តង់រហែក និងស្ថានភាពរស់នៅលំបាក ។ ក្រុមគ្រួសារទាំងនេះ រងគ្រោះដោយសារកង្វះខាតតម្រូវការមនុស្សធម៌មូលដ្ឋាន និងសេវាកម្មសុខភាពអន់ថយ ។
ប្រជាពលរដ្ឋស៊ីរីជាង ៦លាននាក់ បានជម្លៀសខ្លួននៅក្នុងប្រទេសរបស់ពួកគេ ហើយជនភៀសខ្លួនស៊ីរី ៥,៥លាននាក់ កំពុងរស់នៅក្នុងប្រទេសជិតខាងទួរគី លីបង់ ហ្ស៊កដានី និងអ៊ីរ៉ាក់ ក៏ដូចជាអេហ្ស៊ីប ៕

