ចិន ៖ ក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃពុធទី២១មិថុនានេះ ថា ការហៅប្រធានាធិបតីចិន ថាជាមេដឹកនាំផ្ដាច់ការពីសំណាក់លោកប្រធានាធិបតីអាមេរិក Joe Biden បានរំលោភយ៉ាងធ្ងន់ធ្ងរលើសេចក្ដីថ្លៃថ្នូរខាងនយោបាយរបស់ប្រទេសចិន និងបង្កើនការបង្ករឿងខាងនយោបាយជាសាធារណៈ។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានបង្ហាញការមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់ខាត ចំពោះការអត្ថាធិប្បាយរបស់មេដឹកនាំអាមេរិករូបនេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានហៅលោកប្រធានាធិតីចិន Xi Jinping ថាជាមេដឹកនាំផ្ដាច់ការនៅកម្មវិធីរៃអង្គាសមូលនិធិមួយក្នុងរដ្ឋ California។
ការអត្ថាធិប្បាយរបស់លោក មានឡើងមួយថ្ងៃបន្ទាប់ពីប្រមុខការទូតអាមេរិក លោក Antony Blinken បានជួប លោក Xi សម្រាប់កិច្ចពិភាក្សាការងារនៅក្នុងទីក្រុងប៉េកាំង ជាទីដែលលោកទាំង២ មានបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចពិភពលោកទាំង២។
លោក Xi បាននិយាយថាមានជំហានរីកចម្រើនមួយចំនួនបានកើតឡើង នៅក្នុងទីក្រុងប៉េកាំង ខណៈលោក Blinken បានបង្ហាញថាភាគីទាំង២ បានបើកឲ្យមានការពិភាក្សាគ្នាបន្ថែមទៀត។
នៅព្រឹត្តិការណ៍រៃអង្គារមូលនិធិកាលពីយប់ថ្ងៃអង្គារនោះដែរ លោកប្រធានាធិបតី Biden ក៏បាននិយាយផងដែរថា លោក Xi រងភាពអាម៉ាស់ជុំវិញភាពតានតឹងនាពេលថ្មីទាក់ទងនឹងបាឡុងចារកម្មរបស់ចិន ដែលត្រូវបានហោះអណ្ដែតលើសហរដ្ឋអាមេរិក។ លោក Biden បាននិយាយថា មូលហេតុដែលលោក Xi Jinping មិនសប្បាយចិត្តគឺនៅពេលដែលលោកបានបាញ់ទម្លាក់បាឡុងមានទំហំប៉ុនរថយន្ត២គ្រឿង ដែលបានផ្ទុកឧបករណ៍ចារកម្ម ដែលលោកពុំបានដឹង។នោះគឺជារឿងអាម៉ាស់ដ៏ធំបំផុត សម្រាប់ក្រុមជនផ្ដាច់ការទាំងឡាយ នៅពេលដែលពួកគេពុំបានដឹងថាមានអ្វីបានកើតឡើង៕


