ហៃទី ៖ ប្រធានមូលនិធិកុមារអន្តរជាតិ UNICEFនៃអង្គការសហប្រជាជាតិ(UN) បានបំពេញទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួននៅក្នុងប្រទេសហៃទី និងបានទាមទារឲ្យពិភពលោក កុំបំភ្លេចវិបត្តិមនុស្សធម៌ដែលកំពុងប៉ះពាល់ជនភៀសខ្លួន ជាពិសេសកុមារនៅក្នុងប្រទេសមួយនេះឡើយ ។
យោងតាមការប៉ាន់ស្មានរបស់ UN បានឲ្យដឹងថា ក្រុមប្រដាប់អាវុធធន់ធ្ងន់ បានពង្រីកដែនដីគ្រប់គ្រងរបស់ពួកគេ ហើយបច្ចុប្បន្នបានគ្រប់គ្រងសហគមន៍ជាច្រើន ដែលមានប្រជាពលរដ្ឋរស់នៅប្រហែល ២លាននាក់ ដោយភាគច្រើននៃពួកគេគឺជាស្រ្តី និងកុមារដែលប្រឈមនឹងការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងអំពើហិង្សាផ្លូវភេទជារៀងរាល់ថ្ងៃ ។
អំពើហិង្សាមួយនេះ បង្កឲ្យកើតមានវិបត្តិមនុស្សធម៌ដែលទីភ្នាក់ងារ UN មួយនេះ ជឿថា មានជនភៀសខ្លួនក្នុងប្រទេសជាង ១៦៥.០០០នាក់ ខណៈធ្វើឲ្យពួកគេភាគច្រើន ព្យាយាមរត់គេចប្រកបដោយគ្រោះថ្នាក់ដោយការធ្វើដំណើរតាមទូក ។
លោកស្រី Catherine Russell គឺជាប្រធានប្រតិបត្តិ UNICEF បានធ្វើដំណើរទៅដល់ជំរំ New Church of God of Deliverance ដែលបច្ចុប្បន្នផ្តល់ទីជម្រកដល់ជនភៀសខ្លួន ១២០គ្រួសារមកពីតំបន់រងផលប៉ះពាល់ជាច្រើន
ដែលរួមទាំងកុមារ ២៣៩នាក់ផងដែរ ។
នៅក្នុងជំនួបពិសេសស្តីពីប្រទេសហៃទីកាលពីសប្តាហ៍មុន លោកស្រី Russell និយាយថា UNICEF បានមើលឃើញកំណើន ៣០ភាគរយមិនធ្លាប់មានពីមុនមកនៃកុមារហៃទី រងគ្រោះដោយសារកាកសំណល់ធ្ងន់ធ្ងរ ពីឆ្នាំមុន ធ្វើឲ្យពួកគេងាយរងគ្រោះកាន់តែខ្លាំងរហូតដល់បាត់បង់ជីវិតដោយសារជំងឺអាសន្នរោគដែល
បានកើតមានឡើងវិញកាលពីខែតុលា។
ទីភ្នាក់ងារមួយនេះ បានប៉ាន់ស្មានផងដែរថា កុមារជាង ១០ម៉ឺននាក់ ប្រឈមនឹងការអត់ឃ្លានរហូតដល់ស្លាប់ ៕

