កាណាដា ៖ ទីបញ្ជាការរួមមួយត្រូវបានបង្កើតឡើងកាលពីថ្ងៃអង្គារ (២០ មិថុនា) ដើម្បីសម្របសម្រួលការស្វែងរកនាវាមុជទឹកទេសចរណ៍ដែលបាត់សញ្ញាទាក់ទង ខណៈពេលកំពុងដឹកអ្នកដំណើរទៅមើលបំណែកនៃកប៉ាល់ទីតានិកនៅក្នុងទឹកជ្រៅនៃឆ្នេរសមុទ្រកាណាដា។
ប្រត្តិបត្តិការស្វែងរកនោះរួមមាន ឆ្មាំល្បាតឆ្នេរអាមេរិក ដែលបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសពីការបង្កើតទីការបញ្ជារួមនោះ រួមជាមួយអ្នកពាក់ព័ន្ធនិងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឆ្មាំល្បាតឆ្នេរកាណាដា ព្រមទាំងក្រុមរុករករបស់ក្រុមហ៊ុន OceanGate ជាក្រុមហ៊ុនដែលបានបើកដំណើរការនាវាមុជទឹកទេសចរណ៍កាលពីថ្ងៃអាទិត្យ (១៨ មិថុនា)នោះ។
ទីបញ្ជាការនេះកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្វែងរកពីមជ្ឈមណ្ឌលទីបញ្ជាការឆ្មាំល្បាតឆ្នេរអាមេរិកនៅទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត។ ឆ្មាំល្បាតឆ្នេរអាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទីតាំងសរុបចំនួន ១០.០០០ ម៉ាយក្រឡា (២៥.៩០០ គីឡូម៉ែត្រក្រឡា) ត្រូវបានស្វែងរកគិតត្រឹមព្រឹកថ្ងៃអង្គារ។
នាវាមុជទឹកទីតានប្រវែង ២១ ហ្វីតនេះ ត្រូវបានសាងសង់ឡើងដើម្បីអាចនៅក្រោមទឹកបានរយៈពេល ៩៦ ម៉ោង នេះបើយោងតាមប្រព័ន្ធបញ្ជាក់របស់នាវានេះ ដោយវាអាចផ្តល់ខ្យល់ដកដង្ហើមឱ្យមនុស្ស ៥ នាក់ដែលនៅលើយាន្តនោះរហូតដល់ពេលព្រឹកថ្ងៃព្រហស្បតិ៍ (២២ មិថុនា) មុនពេលអស់អុកស៊ីសែន៕

