អាមេរិក ៖ ឆ្មាំល្បាតឆ្នេរសមុទ្រអាមេរិក បានឲ្យដឹង នៅថ្ងៃពុធ (ទី២១ ខែមិថុនា) នេះ ថា យន្តហោះកាណាដាមួយគ្រឿង ចាប់សំឡេងនៅក្រោមទឹកនៃមហាសមុទ្រអាត្លង់ទិកខាងជើង អំឡុងពេលស្វែងរកនាវាមុជទឹកទេសចរណ៍ ដែលបានបាត់សញ្ញាទាក់ទង ពេលកំពុងធ្វើដំណើរទៅមើលបំណែករបស់នាវាទីតានិក (Titanic)។
ឆ្មាំល្បាតឆ្នេរសមុទ្រ បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម Twitter នាព្រឹកព្រលឹមថ្ងៃពុធនេះថា ការរកឃើញ កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) បាននាំឲ្យក្រុមអ្នកស្វែងរកផ្លាស់ប្តូរទីតាំងប្រតិបត្តិការរុករកមនុស្សយន្តនៅក្រោមទឹករបស់ខ្លួន «ក្នុងការគោលបំណងតាមរកមើលប្រភពដើមនៃសំលេងនោះ»។
ឆ្មាំល្បាតឆ្នេរ បាននិយាយថា ការស្វែងរកដែលបានផ្លាស់ប្តូរទីតាំងថ្មី ដោយឧបករណ៍ ROV (រថយន្តប្រតិបត្តិការពីចម្ងាយ) បានធ្វើឡើងដោយមិនបានលទ្ធផលអ្វីទាំងអស់ ប៉ុន្តែនឹងបន្តប្រតិបត្តិការទៀត។ ជាមួយគ្នានេះ មិនមានការបញ្ជាក់លម្អិតអំពីលក្ខណៈ ឬកម្រិតនៃសំឡេងដែលត្រូវបានរកឃើញ ឬពីវិធីដែលសំឡេងនោះ ត្រូវចាប់បាន។
នាវាមុជទឹក Titan ដែលដំណើរការដោយក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានផលិតឡើងដើម្បីអាចនៅក្រោមទឹករយៈពេល ៩៦ម៉ោង ដោយឲ្យមនុស្ស ៥នាក់ នៅក្នុងនោះបាន រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ មុនពេលអស់ខ្យល់អុកហ្ស៊ីសែន ខណៈដែលមកដល់ពេលនេះ នាវាទេសចរណ៍ដែលមានតម្លៃ ២៥០.០០០ដុល្លារ ក្នុងមនុស្សម្នាក់នោះ បានបាត់សញ្ញាទាក់ទងរយៈពេល៣ថ្ងៃហើយ៕

