ប៉ាគីស្ថាន ៖ គ្រួសារជាច្រើនបានតម្រង់ជួរសម្រាប់ការធ្វើតេស្ត DNA នៅក្នុងប្រទេសប៉ាគីស្ថាន ដើម្បីជួយកំណត់អត្តសញ្ញាណជនរងគ្រោះ។ យ៉ាងហោចណាស់មនុស្ស ៨២ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅឆ្នេរសមុទ្រប្រទេសក្រិកនៅក្នុងឧបទ្ទវហេតុលិចទូកដ៏សោកនាដកម្មកាលពីសប្តាហ៍មុន។ ពួកគេភាគច្រើនមកពីប្រទេសអេហ្ស៊ីប ស៊ីរី និងប៉ាគីស្ថាន ហើយបានបង់ប្រាក់រាប់ពាន់ដុល្លារដល់ក្រុមជួញដូរមនុស្ស។
អាជ្ញាធរនៅទីនោះ បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណមនុស្សយ៉ាងហោចណាស់ ២៨ នាក់ដែលត្រូវបានបញ្ជាក់ថាស្លាប់ ឬបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយនេះ។ មនុស្សម្នាក់ដែលអស់សង្ឃឹមក្នុងការស្វែងរកការឆ្លើយតប គឺលោក Muhammad Aslam និយាយថាកូនប្រុសអាយុ ២៦ ឆ្នាំរបស់គាត់បានផ្ញើសារជាសំឡេង កាលពីថ្ងៃទី ៨ ខែមិថុនា ដោយនិយាយថាគាត់កំពុងអង្គុយនៅលើទូក។ សំឡេងរបស់គាត់ប្រាប់ខ្ញុំថា គាត់ព្រួយបារម្ភ គាត់និយាយមកគួឲ្យបារម្ភ ព្រោះគាត់និយាយថា មនុស្សមួយចំនួននៅជាមួយគាត់ នៅទីនោះរាប់ខែ មានរហូតដល់៦ខែ ពុំមានការរៀបចំទឹក ឬអាហារនោះទេ ពួកគេត្រូវបានរក្សាទុកក្នុងស្ថានភាពក្តៅខ្លាំង និងស្អុះស្អាប់ ហើយក៏ពុំមានកន្លែងព្យាបាលជំងឺនោះដែរ។
ជនសង្ស័យរត់ពន្ធ៩នាក់ បានបង្ហាញខ្លួននៅតុលាការប្រទេសក្រិកកាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ដែលរួមមានទាំងអំពើមនុស្សឃាត ទាំងការរត់ពន្ធជនអន្តោប្រវេសន៍។ បុរសទាំងអស់មកពីប្រទេសអេហ្ស៊ីប និងមានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំ បានបដិសេធថាពុំបានប្រព្រឹត្តខុសអ្វីឡើយ។ ប្រទេសក្រិក ដែលស្ថិតនៅក្រោមការឃ្លាំមើលកាន់តែខ្លាំងលើការឆ្លើយតបរបស់ខ្លួនចំពោះគ្រោះមហន្តរាយនោះ នៅតែបន្តស្វែងរកនៅសមុទ្រក្នុងតំបន់ដ៏ធំ ទោះបីជាឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិតបន្ថែមទៀតត្រូវបានគេមើលឃើញថាស្ទើរតែគ្មានក៏ដោយ។

