
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃអង្គារ (២០ ឧសភា) ដោយសំអាងដល់សម្តីរបស់តុលាការថា ក្រុមអ្នកស៊ើបអង្កេតមកពីសេវាសន្តិសុខ FSB របស់រុស្ស៊ីបានដាក់ពាក្យសុំរក្សាទុកអ្នកសារព័ត៌មានរបស់សារព័ត៌មាន Wall Street Journal ម្នាក់គឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ពីបទចារកម្ម ឱ្យជាប់ឃុំរយៈពេលបីខែទៀត។
សេវាសន្តិសុខ FSB បានចាប់ខ្លួនលោក Gershkovich ដែលជាពលរដ្ឋអាមេរិករូបនេះកាលពីថ្ងៃទី ២៩ ខែមីនានៅតំបន់ Urals នៃទីក្រុង Yekaterinburg ប្រទេសរុស្ស៊ីលើការចោទប្រកាន់ដែលអាចមានទោសជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ។ រុស្ស៊ីបានចោទប្រកាន់លោកពីបទប្រមូលការសម្ងាត់រដ្ឋអំពីទីតាំងឧស្សាហកម្មយោធា។
ទីភ្នាក់ងារព័ត៌មាន TASS បាននិយាយថា សវនាការលើដីកាកំពុងប្រព្រឹត្តទៅនៅតុលាការ Lefortovo របស់ក្រុងម៉ូស្គូ។ បច្ចុប្បន្ននេះ លោកGershkovich ត្រូវបានស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី ២៩ ខែឧសភា។ អ្នកយកព័ត៌មានសម្រាប់បណ្តាញព័ត៌មានអាមេរិក CNN ម្នាក់បានបង្ហោះសារលើបណ្ដាញសង្គម Tweeter ថា ឪពុកម្តាយរបស់លោក Gershkovich បានស្ថិតនៅក្នុងតុលាការសម្រាប់សវនាការនោះ។
ទាំងលោក Gershkovich និងសារព័ត៌មាន Wall Street Journal បានបដិសេធការចោទប្រកាន់ពីបទចារកម្ម ដែលប្រធានាធិបតីអាមេរិកលោក Joe Biden ហៅថាខុសច្បាប់ ហើយសហរដ្ឋអាមេរិកបានចាត់ទុកការឃុំខ្លួននោះជាផ្លូវការថា "ជារឿងខុសច្បាប់"។
វិមានក្រឹមឡាំងរបស់រុស្ស៊ីបាននិយាយថា លោកGershkovich ជាអ្នកសារព័ត៌មានអាមេរិកដំបូងគេដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ីពីបទចារកម្មចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មក ត្រូវបានចាប់ខ្លួន "ពេលកំពុងប្រព្រិត្តបទល្មើស"៕
