
កាប៊ុលដែលមានប្រជាពលរដ្ឋរស់នៅជាង ៤លាននាក់បានក្លាយជារដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ១៧៧៦មកម្ល៉េះ ។ បើទោះបីជាមានសង្រ្គាម និងជម្លោះឥតឈប់ឈរក៏ដោយ ទីក្រុងមួយនេះនៅតែបន្តពង្រីកខ្លួនដដែល ។
កាប៊ុលមានប្រវត្តិជាមជ្ឈមណ្ឌលវប្បធម៌របស់ក្រុមជនជាតិដើមចម្រុះ ដែលរស់នៅលើទឹកដីអាហ្វហ្គានីស្ថាន ជាមួយនឹងក្រុមសហគមន៍ Pashtun និង Tajik ដែលជាចំនួនពលរដ្ឋភាគច្រើននៃជនជាតិអាហ្វហ្គានីស្ថាន រស់នៅជាមួយក្រុមសហគមន៍ភាគតិច ដូចជាក្រុម Hazara, Uzbek, Turkmen និងក្រុមផ្សេងៗជាច្រើនទៀត ។
នៅក្នុងរយៈពេលជិត ២ឆ្នាំ ចាប់តាំងពីក្រុមតាលីបង់ ក្តោបក្តាប់អំណាច ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួន បានស្វាគមន៍សន្តិសុខល្អប្រសើរជាងមុន ប៉ុន្តែពួកគេនៅតែជួបភាពក្រីក្រ គ្រោះរាំងស្ងួត កង្វះខាតអាហារូបត្ថម្ភ ហើយនិងការអស់សង្ឃឹមនៅក្នុងចំណោមស្រ្តីដែលពួកគេនឹងមានចំណែកតិចតួចប៉ុណ្ណោះ នៅក្នុងអនាគតប្រទេសមួយនេះ ៕
