
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទូទាំងទីក្រុងធំៗរបស់ប្រទេសកូឡំប៊ី កាលពីថ្ងៃអង្គារ ដើម្បីតវ៉ាកំណែទម្រង់សង្គមនិងសេដ្ឋកិច្ច ដែលបានជំរុញដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីឆ្វេងនិយម លោក Gustavo Petro ។
យោងតាមអាជ្ញាធរតំបន់បានឲ្យដឹងថា ហ្វូងមនុស្សប្រមាណ៥ពាន់នាក់ បានចេញធ្វើបាតុកម្មនៅទូទាំងរដ្ឋធានី Bogota ជាទីដែលក្រុមអ្នកតវ៉ាមួយចំនួនមានកាន់បដាមានសរសេរពាក្យដូចជា«គ្មានលោក Petro តទៅទៀតទេ» និងពាក្យថា «លោក Petro ត្រូវចាកចេញ»
លោក Petro កំពុងប្រឈមនឹងការតតាំងដែលកំពុងកើនឡើងនៅក្នុងសភា ដើម្បីជំរុញកំណែទម្រង់ សោធននិវត្តន៍ សុខាភិបាល និងការងារ បន្ទាប់ពីគណបក្សចម្រុះភាគច្រើនរបស់លោកបានបែកបាក់ដោយសារតែការបដិសេធរបស់រដ្ឋាភិបាលដើម្បីបង្កើតឱកាសចំពោះសំណើជាច្រើន
ការប្រឆាំងចំពោះកំណែទម្រង់សោធននិវត្តន៍របស់លោក Petro អះអាងថា វាអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ហិរញ្ញវត្ថុរបស់ប្រទេសកូឡំប៊ី និងប៉ះពាល់ដល់ការបង្កើតការងារ។ កាលពីពេលថ្មីៗនេះ លោក Petro បានពាក់ព័ន្ធក្នុងរឿងអាស្រូវជុំវិញការចោទប្រកាន់ពីបទផ្តល់ហិរញ្ញវត្ថុដោយខុសច្បាប់តាមដែលចោទប្រកាន់ អំឡុងយុទ្ធនាការបោះឆ្នោតរបស់លោក ដែលលោកបានបដិសេធ។
