បាល់ទាត់៖ លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញការលំបាកក្នុងការជ្រើសរើសកីឡាករក្នុងស្ថានភាពកូវីដ-១៩ ដោយសារការប្រកួតលីគកំពូលកម្ពុជាត្រូវបានពន្យារពេល និងផ្លាស់ប្ដូរ ដែលនាំឲ្យលោកពិបាកក្នុងការសម្រេចចិត្តជ្រើសរើសពួកគេ ដ្បិតឆ្លងកាត់ការទស្សនាការប្រកួតកន្លងមក លោកសង្កេតឃើញថា ការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយ។
ការលើកឡើងរបស់គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ ស្របពេលលោកត្រូវជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្ដុំត្រៀមការប្រកួតសេសសល់ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 នៅប្រទេសបារ៉ែននាដើមខែមិថុនាខាងមុខ តែមកទល់ពេលនេះ បញ្ជីឈ្មោះកីឡាករជម្រើសជាតិនៅមិនទាន់បង្ហាញ ហើយការប្រមូលផ្ដុំក៏ពុំទាន់មានដែរ។ បុរសវ័យ ៦៥ឆ្នាំដដែលបានបញ្ជាក់ថា ដោយសារការពិបាកកំណត់កីឡាករ ខណៈការបង្ហាញខ្លួនពួកគេមិនទាន់ល្អបែបនេះ លោកបានសម្រេចចិត្តជ្រើសរើសកីឡាករ ដោយផ្អែកលើសមិទ្ធផលដែលពួកគេសម្រេចបានកន្លងមក រហូតដល់បច្ចុប្បន្ន និងជាកីឡាករដែលមានសក្ដានុពលខ្ពស់សម្រាប់ពេលអនាគត។ ដូច្នេះលោកនៅតែមានសុទិដ្ឋិនិយមលើកីឡាករ ដែលខ្លួនជ្រើសរើស។
តែយ៉ាងណាលោក Ryu Hirose បានជំរុញ និងចង់ឲ្យកីឡាករទាំងអស់បង្កើនការខិតខំប្រឹងប្រែង និងការប្រកួតប្រជែងឲ្យបានខ្លាំង ទៅតាមលទ្ធភាពដែលពួកគេអាចធ្វើបាន ពិសេសកីឡាករវ័យក្មេងដើម្បីនាំយកបទពិសោធន៍ និងទំនុកចិត្តត្រឡប់មកវិញ ដោយរំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត។ គួរបញ្ជាក់ថា បច្ចុប្បន្នលោក Ryu Hirose កំពុងតាមដាន និងសម្រេចចិត្តក្នុងការជ្រើសរើសកីឡាករជម្រើសជាតិកម្ពុជា ដើម្បីធ្វើដំណើរទៅប្រមូលផ្ដុំហ្វឹកហាត់នៅប្រទេសបារ៉ែននាថ្ងៃទី២៨ ខែឧសភាខាងមុខ ហើយធ្វើការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនៅទីនោះតែម្ដង ដោយកម្ពុជានៅសល់ ៣ប្រកួតក្នុងដៃ រួមមានជួបក្រុមជម្រើសជាតិបារ៉ែននាថ្ងៃទី៣-មិថុនា និងជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់នាថ្ងៃទី៧-មិថុនា ខណៈចុងក្រោយជួបក្រុមជម្រើសជាតិអ៊ីរ៉ង់នាថ្ងៃទី១១-មិថុនា នៅប្រទេសបារ៉ែនតែមួយគត់៕
អត្ថបទ៖ លី ឈុនឡា