
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កាលពីថ្ងៃអង្គារ (ទី២០ ខែមិថុនា) បានលើកឡើងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងថា ប្រទេសអ៊ីតាលី និងបារាំង នឹងបន្តគាំទ្រប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងការវាយលុយពីសំណាក់រុស្ស៊ី។
លោកស្រីបានថ្លែងនៅមុនពេលកិច្ចប្រជុំជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ថា៖ «គ្មានអ្វីគួរឲ្យសង្ស័យទេដែលថា ប្រទេសអ៊ីតាលី និងបារាំង នឹងបន្តគាំទ្របុព្វហេតុអ៊ុយក្រែន ដរាបណានៅតែចាំបាច់»។
ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បារាំង-អ៊ីតាលី លោកស្រី Meloni បាននិយាយថា ប្រព័ន្ធការពារដែនអាកាស SAMP/T-MAMBA ដែលប្រទេសទាំងពីរ បានធ្វើការជាច្រើនខែ ឥឡូវនេះកំពុងប្រតិបត្តិការនៅសមរភូមិអ៊ុយក្រែន។
ជាមួយគ្នានេះដែរ លោកស្រី Meloni ក៏បាននិយាយផងដែរថា ទីក្រុងប៉ារីស និងទីក្រុងរ៉ូម យល់ស្របលើតម្រូវការសម្រាប់សហភាពអឺរ៉ុប ដើម្បីធ្វើការ«យ៉ាងប្រាកដប្រជា និងខ្លាំងក្លា» ក្នុងការជួយប្រទេសទុយនីស៊ី ជាប្រទេសមួយ ដែលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឃើញមានការធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបយ៉ាងច្រើនសន្ធឹកសន្ធាប់៕