
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនរថយន្តតេស្លាលោក Elon Musk បាននិយាយថា លោកគ្រោងនឹងធ្វើការបណ្តាក់ទុនសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ (២០ មិថុនា) ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ។
លោក Musk បានពណ៌នាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Modi នៅសហរដ្ឋអាមេរិកដើម្បីបង្កើនទំនាក់ទំនងថាជា "ការបើកចំហ និងគាំទ្រ" ដល់ក្រុមហ៊ុនថ្មីៗក្នុងមធ្យោបាយមួយដែល "ឥណ្ឌាទទួលបានអត្ថប្រយោជន៍" បន្ទាប់ពីកិច្ចប្រជុំរបស់ភាគីទាំងពីរនៅទីក្រុងញូវយ៉ក។
លោក Musk បាននិយាយថា ប្រទេសឥណ្ឌាមានសក្តានុពលខ្លាំងក្លាសម្រាប់អនាគតថាមពលប្រកបដោយនិរន្តរភាព រួមទាំងថាមពលពន្លឺព្រះអាទិត្យផងដែរ ដោយបន្ថែមថាលោកសង្ឃឹមថានឹងនាំយកសេវាអ៊ីនធើណិតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ទៅកាន់ប្រទេសឥណ្ឌាផងដែរ។
បណ្ដាក្រុមហ៊ុនអាមេរិកត្រូវកាត់បន្ថយការពឹងផ្អែកលើប្រទេសចិនជាមូលដ្ឋានផលិតកម្មនៅពេលប្រឈមនឹងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។ ក្រុមហ៊ុនរថយន្តតេស្លាកាលពីឆ្នាំមុនបានលុបចោលផែនការចូលប្រទេសឥណ្ឌារបស់ខ្លួនដោយសារតែរចនាសម្ព័ន្ធពន្ធនាំចូលខ្ពស់ពេក៕