
នៅថ្ងៃពុធ (២១ មិថុនា)នេះ អតិផរណារបស់ចក្រភពអង់គ្លេស ដើរខុសដូចការរំពឹងទុកដែលថានឹងធ្លាក់ចុះមកនៅចំនួន ៨,៧% កាលពីខែឧសភានោះទេ ដោយដាក់សម្ពាធបន្ថែមទៀតលើធនាគារអង់គ្លេសមួយថ្ងៃមុនពេលធនាគារនេះ ត្រូវបានព្យាករណ៍ថានឹងដំឡើងអត្រាការប្រាក់ជាលើកទី ១៣ ជាប់ៗគ្នាដើម្បីទប់ទល់កំណើនតម្លៃដែលចេះតែបន្តកើនឡើង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Jeremy Hunt បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសថា តួលេខនេះបានបង្ហាញថារដ្ឋាភិបាលត្រូវតែ "ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តរបស់ខ្លួន" ហើយគ្រោងនឹង "ទាញទម្លាក់អតិផរណាដ៏ខ្ពស់ចេញពីសេដ្ឋកិច្ច" តាមរយៈអត្រាការប្រាក់ខ្ពស់ដូចដែលលោកបាននិយាយថាបានកើតឡើងនៅក្នុងប្រទេសផ្សេងៗទៀត។
ទីផ្សារឥឡូវនេះមើលឃើញនូវឱកាស ៤០% ដែលថាធនាគារអង់គ្លេស នឹងដំឡើងអត្រាការប្រាក់០,៥%ភាគរយទៀតដល់ ៥% នៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា) ជាជាងការផ្លាស់ប្តូរ០,២៥% ដែលបានរំពឹងទុកពីមុន។ ពួកគេឃើញឱកាស ៦០% នៃអត្រាការប្រាក់ដែលអាចឈានដល់តួលេខ ៦% នៅខែធ្នូ៕
