ភ្នំពេញ៖ សារព័ត៌មាន The Cambodia China Times ហៅកាត់ ស៊ីស៊ីថាមស៍ របស់កម្ពុជា បានចុះហត្ថលេខាជាមួយ សារព័ត៌មាន អាយុកាលជាង ៧០ឆ្នាំរបស់ចិន គ័ងស៊ី ដេលី (Guangxi Daily) ក្នុងគោលបំណងដើម្បី ចែករំលែក ព័ត៌មានល្អៗ ជាពិសេសដើម្បី លើកកម្ពស់វិស័យសារព័ត៌មាន រវាងប្រទេសកម្ពុជា និងប្រទេសចិន។
ពិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការធំរបស់កាសែត គ័ងស៊ី ដេលី ស្ថិតក្នុងទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រវាងលោក ផ្លុង វិចិត្រ អគ្គនាយកកាសែត Commercial News និងស៊ីស៊ីថាមស៍ និងលោក យ៉ាងធាន (Yangtian) និពន្ធនាយករងរបស់ គ័ងស៊ី ដេលី។ ពិធីនេះ ក៏មានការ អញ្ញើញចូលរួមរបស់ក្រុមអ្នកសារព័ត៌មានកម្ពុជា មកពីស្ថាប័នធំៗចំនួន ៩ស្ថាប័នផងដែរ រួមមាន៖ទូរទស្សន៍ព័ត៌មាន ប៊ីធីវី, រស្មីកម្ពុជា, កម្ពុជាថ្មី, ហ្រេ្វសញ៉ូវ, ថ្មីថ្មី, នគរវត្ត, Commercial News, ស៊ីស៊ីថាមស៍ និងខ្មែរថាមស៍ និងថ្នាក់ដឹកនាំ ជាន់ខ្ពស់របស់ គ័ងស៊ី ដេលី ជាច្រើននាក់ផ្សេងទៀត។
លោក ម៉រ យឹលី ប្រធានផ្នែកកិច្ចការអាស៊ាននៃ គ័ងស៊ី ដេលី ទទួលស្គាល់ថា នេះជាការបង្ហាញនូវទំនាក់ទំនង អន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងការផ្លាស់ប្តូរ។លោកបានបញ្ជាក់ថា ដោយមានការណែនាំ និងការគាំទ្រយ៉ាងខ្លាំងពីនាយកដ្ឋានឃោសនានៃគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត ការិយាល័យកិច្ចការបរទេសប្រចាំតំបន់ និងស្ថានទូតចិនប្រចាំកម្ពុជា ដំណើរទស្សន កិច្ចរបស់ អ្នកសារព័ត៌មានកម្ពុជា រៀបចំដោយ គ័ងស៊ី ដេលី ត្រូវបានប្រារព្ធឡើងតាមការគ្រោងទុក ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា។ នេះជាទស្សនកិច្ចដៃគូរបរទេសលើកទីមួយ ដែល គ័ងស៊ី ដេលី បានរៀបចំឡើងក្រោយពីជំងឺកូវីដ១៩។ លោកបន្ថែមទៀតថា ឆ្នាំនេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងជាឆ្នាំមិត្តភាព ចិន-កម្ពុជា ហើយក៏ជាខួបលើកទី ២០នៃពិព័រណ៍ចិន-អាស៊ាន។ វានឹងធ្វើឱ្យមានការរួមចំណែកជាវិជ្ជមានដល់រួមគ្នាក្នុងការកសាងសហគមន៍ចិន-អាស៊ានឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។
លោក ផ្លុង វិចិត្រ បានមានប្រសាសន៍ថា តាមរយៈការចុះហត្ថលេខានេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ័ងស៊ី ដេលី ឲ្យកាន់តែស្អិតរមួត រួមគ្នានិយាយពីរឿងល្អៗរបស់ប្រទេសកម្ពុជា និងប្រទេសចិន។ លោកបន្តថា តាមរយៈសារព័ត៌មាន ភាសាខ្មែរ នឹងនិយាយរឿងល្អៗពីចិន និងតាមរយៈ គ័ងស៊ី ដេលី និយាយរឿងល្អៗពីកម្ពុជា ដើម្បីធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរបានស្គាល់កាន់តែទូលំទូលាយ។
សូមជម្រាបជូនដែរថា ក្នុងពិធីចុះហត្ថលេខានេះដែរ កាសែត គ័ងស៊ី ដេលី ដែលមានអាយុកាលជាង ៧០ឆ្នាំរបស់ ប្រទេសចិននេះ ក៏បានប្រគល់ជូនលិខិតតែងតាំងអ្នកសារព័ត៌មានកម្ពុជាចំនួន ១៤រូប ជាអ្នករាយការណ៏ កិតិ្តយស របស់ គ័ងស៊ី ដេលី (Guangxi Daily) ប្រចាំតំបន់អាស៊ានផងដែរ៕ ដោយ ៖ បូរ៉ាវី











