
មន្ត្រីអាកាសធាតុជាន់ខ្ពស់ម្នាក់ បាននិយាយថា ប្រទេសឥណ្ឌាកំពុងវិនិយោគលើកុំព្យូទ័រទំនើបថ្មី ប្រព័ន្ធរ៉ាដាតាមរកគុណភាពខ្ពស់ និងឧបករណ៍សង្កេតអាកាសធាតុស្វ័យប្រវត្តិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចប្រឹងប្រែងព្យាករណ៍ព្យុះស៊ីក្លូន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ការកែប្រែដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ក្នុងរយៈពេលជិត ២៥ឆ្នាំនេះ កើតឡើងបន្ទាប់ពីការព្រមានជាមុន និងការជម្លៀសទាន់ពេលវេលា ក្នុងខែនេះ បានជួយប្រទេសអាស៊ីខាងត្បូងមួយនេះ បញ្ចៀសនូវការស្លាប់ និងរបួសធ្ងន់ធ្ងរ បន្ទាប់ពីព្យុះស៊ីក្លូន Biparjoy បានវាយប្រហារឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ក្បែរប្រទេសជិតខាងប៉ាគីស្ថាន។
លោក Mrutyunjay Mohapatra អគ្គនាយកនៃនាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានប្រាប់សារព័ត៌មាន Reuters ថា៖ «ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ការព្យាករណ៍ព្យុះស៊ីក្លូនរបស់យើង នឹងកាន់តែប្រសើរឡើង»។
លោកបានបន្ថែមថា ការកែលម្អដ៏ជាក់លាក់ក្ដោបលើការរាវរក ឬការកំណត់អត្តសញ្ញាណលើការកកើតឡើងនៃព្យុះស៊ីក្លូន និងភាពជាក់លាក់នៃចំណែករួមផ្សំសំខាន់ៗដូចជាការបក់បោកមកដល់ដីគោក ល្បឿនខ្យល់ ការជន់លិច និងការកើនឡើងនៃកម្លាំងព្យុះ ប៉ុន្តែលោកពុំបានរៀបរាប់លម្អិតពីផែនការថវិកា៕
