ពេលវេលានៅសល់កាន់តែខើចទៅៗ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្ស៥នាក់ ក្នុងនាវាមុជទឹកមួយគ្រឿងដែលកំពុងបាត់ខ្លួន នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង។
នាវាពាណិជ្ជកម្មទីតាន(Titan ) ដែលត្រូវ បានធ្វើប្រតិបត្តិការដោយក្រុមហ៊ុនធ្វើដំណើរទេសចរណ៍ឯកជនឈ្មោះ OceanGate បានបាត់ការទាក់ទងជាមួយនាវាស្រាវជ្រាវរបស់ខ្លួន នៅម៉ោង៥និង៤៥នាទីព្រឹកម៉ោងក្នុងស្រុកក្នុងភាគខាងកើតកាលពីថ្ងៃអាទិត្យទី១៨មិថុនា ដោយបានចេញដំណើរដឹកអ្នកដំណើរទៅមើលបំណែកនាវាទីតានិក ដែលមានអាយុកាលមួយសតវត្សរ៍ នៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសកាណាដា ។
បេសកកម្មនេះ មានតម្លៃ២៥ម៉ឺនដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់។

ក្រុមអ្នកជំនាញ ជឿថា នៅពេលនេះ នាវានេះ ស្ថិតនៅជម្រៅប្រហែល៣.៥០០ ម៉ែត្រ ក្រោមកម្រិតទឹកសមុទ្រ និងជិតដល់គោលដៅរបស់ខ្លួននៃបំណែកនាវាទីតានិក (Titanic)ដែល ស្ថិតនៅជម្រៅ៣.៨០០ម៉ែត្រក្រោមកម្រិតទឹកសមុទ្រ។
នាវាមុជទឹកនេះ អាចផ្ទុកសមត្ថភាពអ៊ុកស៊ីសែនសង្គ្រោះបន្ទាន់អតិបរមា៩៦ ម៉ោង ឬ ប្រហែល៤ថ្ងៃប៉ុណ្ណោះ។ អង្គភាពល្បាតឆ្នេរអាមេរិកនិយាយថា នាវាមុជទឹកទីតាន អាចនៅសល់អុកស៊ីសែនតិចជាង២០ម៉ោងទៀត។
ឆ្មាំល្បាតឆ្នេរអាមេរិក និយាយថា គេបានលឺសំឡេងថ្មីមួយទៀត ខណៈពង្រីកតំបន់កាន់តែធំក្នុងការស្វែងរកនាវាមុជទឹកនេះ។
យន្តហោះរបស់អង្គភាពឆ្មាល្បាតឆ្នេរអាមេរិក និងកាណាដា បានកំពុងស្វែងរកក្នុងតំបន់កើតហេតុចាប់តាំងពីថ្ងៃអាទិត្យមក និងបានគ្របដណ្ដប់លើផ្ទៃទឹកទំហំ១ម៉ឺនម៉ាយក្រឡា នៃផ្ទៃខាងលើមហាសមុទ្រតែពុំមានលទ្ធផល៕

