ហុងឌុយរ៉ាស៖ ចំនួនអ្នកស្លាប់អំឡុងកុបកម្មនិងអគ្គិភ័យនៅពន្ធនាគារសម្រាប់ស្ត្រីប្រទេសហុងឌុយរ៉ាសនៅសប្តាហ៍នេះ បានកើនឡើងដល់៤៦នាក់ ដោយក្រុមគ្រួសាររាប់សិបគ្រួសារកំពុងរងចាំសាកសពមនុស្សជាទីស្រលាញ់ របស់ពួកគេដែលត្រូវបញ្ចេញមក។ អ្នកនាំពាក្យរដ្ឋាភិបាល និយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ បានកើនឡើងពី៤១នាក់ដល់៤៦នាក់។

វានៅពុំទាន់ប្រាកដនៅឡើយនោះទេថាតើជនរងគ្រោះទាំងអស់គឺជាអ្នកទោសឬយ៉ាងណា។
តាមដែលចោទប្រកាន់ អំពើហិង្សាបានផ្ទុះឡើងនៅពេលសមាជិកជនអន្ធពាលមួយក្រុម បានចូលមកផ្នែកមួយនៃពន្ធនាគារ ដែលគ្រប់គ្រងដោយក្រុមគូប្រជែង ដោយបានបាញ់រះលើមនុស្សជាច្រើន និងបានបង្កឲ្យមានអគ្គិភ័យ។ ពន្ធនាគារ ដែលមានឈ្មោះថា Centro Femenino de Adaptacion Social អាចឃុំខ្លួនស្ត្រីរហូតដល់៩០០នាក់។ ការបាញ់ប្រហារនិងការដុតមនុស្សរាប់សិបនាក់ គឺជាហេតុការមួយដែលមានមនុស្សស្លាប់ច្រើនបំផុតនៃអំពើហិង្សានៅពន្ធនាគារក្នុងប្រវត្តិសាស្ត្រប្រទេសហុងឌុយរ៉ាសដ៏ទំនើប ដែលបានបង្ហាញពីឥទ្ធិពលដ៏រឹងមាំគ្រប់គ្រងដោយជនអន្ធពាល និងបានលើកឡើងជាសំនួរទាក់ទងទៅនឹងអំពើពុករលួយនៅក្នុងប្រពន្ធពន្ធនាគារ និងការអនុវត្តន៍ច្បាប់។
អ្នកនាំពាក្យបានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណសាកសពនៅមជ្ឈមណ្ឌលពន្ធនាគារសម្រាប់ស្ត្រី មានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីរដ្ឋធានី តេហ្គូស៊ីហ្គាល់ប៉ា(Tegucigalpa) ដែលស្ត្រីមួយចំនួនបានស្លាប់ដោយសារការរលាកភ្លើង ខណៈអ្នកផ្សេងទៀតត្រូវបានគេបាញ់។ មានប្រវតិ្តនៃឧបទ្ទវហេតុពន្ធនាគារដ៏ឃោរឃៅនៅក្នុងប្រទេសហុងឌុយរ៉ាស ដោយមានអ្នកទោសចំនួន១៨ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងការប្រយុទ្ធរបស់ក្រុមទំនើងនៅក្នុងពន្ធនាគារក្នុងឆ្នាំ ២០១៩ និងជាង៣៥០នាក់ស្លាប់ដោយអគ្គិភ័យក្នុងឆ្នាំ២០១២៕
