អ្នកធ្វើយូធូបផ្នែកដំណើរកម្សាន្តជនជាតិម៉ិកស៊ិក ដែលធ្លាប់បានជិះនាវាមុជទឹក ដែលកំពុងបាត់ការទាក់ទងជិតកន្លែងបំណែកនៃកប៉ាល់ទីតានិក (Titanic) លោក Alan Estrada បាននិយាយកាលពីថ្ងៃពុធ (ទី២១ ខែមិថុនា)ថា បេសកកម្មដំណើរទេសចរណ៍នេះ គឺជាការប្រថុយប្រថានខ្លាំងបំផុត។

ការជិះនៅក្នុងនាវាមុជទឹករបស់ក្រុមហ៊ុន OceanGate Expeditions ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក របស់លោក Estrada ដែលបានទៅទស្សនាបំណែកនាវាទីតានិក (Titanic) កើតឡើងដដែល ក្នុងឆ្នាំ២០២២ បន្ទាប់ពីបេសកកម្ម បានបរាជ័យនៅឆ្នាំមុននោះ។
នៅក្នុងបទសម្ភាសន៍តាមអ៊ិនធឺណតមួយ ជនជាតិម៉ិកស៊ិកដំបូងគេ ដែលជិះនៅខាងក្នុងនាវាមុជទឹក Titan បានរំលឹកឡើងវិញថា ដំណើរបេសកកម្ម ដែលរូបលោកបានចូលរួមនៅឆ្នាំ២០២២ នោះ ស្ទើរតែត្រូវបានរំសាយចោល បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយនាវាជំនួយនៅលើផ្ទៃទឹករបស់នាវាមុជទឹកនេះ។
សូមបញ្ជាក់ថា នាពេលនេះ ក្រុមជួយសង្គ្រោះអន្តរជាតិ កំពុងលុកលុយមហាសមុទ្រដ៏ធំល្វឹងល្វើយនៃមហាសមុទ្រអាត្លង់ទិកខាងជើង ដើម្បីស្វែងរកនាវាមុជទឹកប្រវែង ២២ហ្វីត (៦,៧ម៉ែត្រ) ដែលបានបាត់ កាលពីថ្ងៃអាទិត្យ ខណៈពេលដែលបានដឹកមនុស្ស ៥នាក់ ក្នុងដំណើរកម្សាន្តសមុទ្រទឹកជ្រៅទៅកាន់ទីកន្លែងលិចនាវាទីតានិក ដែលមានអាយុកាល ១សតវត្សរ៍ហើយ ពោលគឺជាផ្នែកមួយនៃដំណើរទេសចរណ៍របស់អ្នកនៅក្នុងនាវានោះ។ មានការប៉ាន់ស្មាន ដែលបង្ហាញថា ការផ្គត់ផ្គង់ខ្យល់អុកហ្ស៊ីសែន នៅក្នុងនាវានោះ អាចអស់ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ។
យ៉ាងណាក្ដី នៅពេលការស្វែងរកកំពុងតែដំណើរការទៅ លោក Estrada បានចេញផ្សាយវីដេអូនៃបេសកកម្ម កាលពីពេលមុនរបស់លោក ដែលមានទាំងការបរាជ័យ និងជោគជ័យ នៅលើប៉ុស្តិ៍យូធូប Youtube របស់លោក ដែលមានឈ្មោះឆាណែល Alan x el Mundo៕
