អឺរ៉ុប៖ ក្រុមអ្នកតវ៉ាគាំទ្រពលរដ្ឋអ៊ីស្រាអែល បានប្រមូលផ្ដុំគ្នានៅក្នុងប្រទេសបារាំង និងស៊ែប៊ីកាលពីថ្ងៃពុធ ខណៈដែលអំពើហិង្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់រីករាលដាលកាន់តែខ្លាំង។

មនុស្សរាប់សិបនាក់ប្រមូលផ្ដុំគ្នាក្នុងទីក្រុងប៉ារីសនៅវិមាន Place des Invalides ជិតក្រសួងការបរទេសបារាំង ដើម្បីបង្ហាញការគាំទ្រចំពោះពលរដ្ឋប៉ាឡេស្ទីន។ ក្រុមអ្នកគាំទ្រពលរដ្ឋប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាជាមួយនគរបាល អំឡុងការជួបជុំនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងអាតែនប្រទេសក្រិកកាលពីថ្ងៃពុធ។ ក្រុមបាតុករកំពុងតវ៉ាប្រឆាំងនឹងសហប្រតិបត្តិការ របស់កងកម្លាំងអ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា។ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នា ស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល និងដុតទង់ជាតិអ៊ីស្រាអែល មុនពេលពួកគេត្រូវបានបំបែក ដោយការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកពីសំណាក់នគរបាល។
មនុស្សមួយក្រុមក៏បានប្រមូលផ្ដុំផងដែរក្នុងទីក្រុងបែលក្រាត ដើម្បីទាក់ទាញឲ្យមានការចាប់អារម្មណ៍ទៅលើជម្លោះនេះ ដោយកាន់បដាដែលមានសរសេរពាក្យស្លោកដូចជា ពេលនេះតំបន់ហ្គាហ្សាត្រូវការសំឡេងរបស់យើង។ ចំណែកនៅក្នុងប្រទេសហ្ស៊កដានីឯណោះវិញ ប្រជាពលរដ្ឋហ្ស៊កដានីបានចេញតវ៉ានៅតាមដងផ្លូវនានា រយៈពេល ៤ថ្ងៃជាប់គ្នានៅជិតស្ថានទូតអ៊ីស្រាអែលក្នុងរដ្ឋធានីអាម៉ង់។ អ្នកតវ៉ាជាង ២ពាន់នាក់បានស្រែកពាក្យស្លោកប្រឆាំងនឹងអ៊ីស្រាអែល និងបានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ខ្លួន បណ្ដេញឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចេញពីប្រទេស បិទស្ថានទូត និងលុបចោលសន្ធិសញ្ញាសន្តិភាព៕
អត្ថបទ៖ សុខមាន