ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា វឌ្ឍនភាពនៃការវាយបករបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៊ីគឺយឺតជាងការចង់បាន ប៉ុន្តែបានសង្កត់ធ្ងន់ថាទីក្រុង Kyiv នឹងមិនត្រូវបានរងសម្ពាធក្នុងការបង្កើនល្បឿនសកម្មភាពរបស់ខ្លួននោះទេ។

យោងតាមសារព័ត៌មាន Reuters លោក Zelenskiy បានទទួលស្គាល់ថាស្ថានភាពមិនដូចខ្សែភាពយន្តហូលីវូដទេ ហើយជីវិតរបស់មនុស្សគឺស្ថិតនៅក្នុងបញ្ហា។
ទន្ទឹមនឹងនេះប្រធានាធិបតីរុស្ស៊ី លោកVladimir Putin បានលើកឡើងថា មានភាពស្ងៀមស្ងាត់ ក្នុងការវាយបករបស់អ៊ុយក្រែន ដែលបង្ហាញថា អ៊ុយក្រែនយល់ថា ខ្លួនគ្មានឱកាសប្រឆាំងនឹងរុស្ស៊ីទេ។

អ៊ុយក្រែន បានប្រកាសថា ខ្លួនបានដណ្តើមយកមកវិញនូវភូមិចំនួន៨នៅក្នុងការវាយបករបស់ខ្លួន ដែលជាការកត់សម្គាល់ពីសន្ទុះយ៉ាងច្រើនជាលើកដំបូងរបស់ខ្លួននៅលើសមរភូមិក្នុងរយៈពេល៧ខែមកនេះ។ យ៉ាងណាក៏ដោយ កងកម្លាំងអ៊ុយក្រែន មិនទាន់ឈានដល់ខ្សែការពារសំខាន់ៗ ដែលរុស្ស៊ីនៅមានពេលរៀបចំនៅឡើយ។
កងកម្លាំងអ៊ុយក្រែនត្រូវបានគេជឿថា បានចល័តកងពលតូចចំនួន ១២ ប៉ុន្តែពួកគេភាគច្រើនមិនទាន់បានចូលរួមក្នុងការប្រយុទ្ធនៅឡើយ។
របាយការណ៍ក៏បានលើកឡើងពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធចំនួន ៣៥លើកផងដែរ នៅក្នុងផ្នែកសំខាន់ៗនៃជួរមុខក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយអង្គភាពប្រឆាំងយន្តហោះអ៊ុយក្រែនបានបាញ់ទម្លាក់យានដ្រូន ហ្សាហីដ (Shahed) ផលិតដោយអ៊ីរ៉ង់ចំនួន ៣២គ្រឿង៕
