ភ្នំពេញ៖ ប្រទេសកាណាដា បន្តគម្រោងជួយដល់សហគ្រិនភាពស្រ្តី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកនូវកាលានុវត្តភាពសម្រាប់ស្រ្តី អាចចាប់យកឱកាសការងារសម្រាប់ជីវភាពរស់នៅ ជាពិសេសការជួយដល់សហគ្រិនស្រី្ត អាចបង្កើតនូវមុខរបរក្នុងបរិបទសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងអាជីវកម្ម។
លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា កាណាដា បានជួយដល់សហគ្រិនភាពស្រ្តីនៅកម្ពុជា ដែលជាផ្នែកមួយចូលរួមយ៉ាងសំខាន់ ដើម្បីជំរុញសហគ្រិនស្រ្តី ពង្រីកនូវកាលានុវត្តភាពថ្មីៗ ដើម្បីអាចឲ្យស្រ្តីពង្រីកអាចខ្លួន ចាប់យកឱកាសផ្សេងៗ សម្រាប់ការងារចិញ្ចឹមជីវិត និងការបង្កើតនូវមុខរបរ អាចផ្តល់ឱកាសឲ្យពួកគាត់បង្កើនអាជីវកម្មបាន ស្របតាមបរិបទកំពុងរីកចម្រើន ជាពិសេសការពង្រីកនូវកាលានុវត្តភាពសហគ្រិនស្ត្រីក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃការអភិវឌ្ឍក្នុងអាជីវកម្មជាដើម។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានជជែងពិភាក្សាគ្នាអំពីសក្តានុពល និងឱកាសផ្សេងៗនៃកិច្ចដំណើរការឆ្ពោះទៅមុខ ក្នុងនោះភាគីនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា លើការបង្កើតឲ្យមានក្រុមបច្ចេកទេស ដើម្បីពិនិត្យនូវគោលជំហររួមដូចជា ការបន្តគម្រោងជួយដល់សហគ្រិនភាពស្រ្តី ឲ្យបានកាន់តែទូលំទូលាយ, ការរៀបចំគម្រោងប្រែប្រួលអាកាសធាតុ និងយេនឌ័រ និងការគិតគូរស្រ្តីក្នុងសន្តិសុខសន្តិភាពជាដើម ដែលជាអាទិភាពរបស់កាណាដា មកលើតំបន់អាស៊ី។
សូមបញ្ជាក់ថា ជុំវិញសហគ្រិនស្រ្តីវិញ, ក្រសួងកិច្ចការនារីគ្រោងរៀបចំឲ្យមានមជ្ឈមណ្ឌលសហគ្រិនស្រ្តី ដើម្បីជំរុញសហគ្រិនស្រ្តីក្នុងសហគ្រាសធុនតូច និងមធ្យម បានសិក្សារៀនសូត្របន្ថែម ការស្វែងយល់បទពិសោធន៍ និងការជួយដល់សហគ្រិនស្រី្តថ្មីអាចបង្កើតនូវមុខរបរ ដើម្បីពង្រីកកាលានុវត្តភាពសហគ្រិនស្ត្រីក្នុងបរិបទសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃការអភិវឌ្ឍក្នុងអាជីវកម្ម៕អត្ថបទ៖ សុន រ៉ាឌី