តៃវ៉ាន់៖ ឪពុកម្តាយរបស់ក្មេងៗ នៅមត្តេយ្យសិក្សា ដែលបានចោទប្រកាន់ពីការផ្តល់ថ្នាំងងុយដេកដោយបុគ្គលិកក្នុងសាលាមត្តេយ្យ នៅកោះតៃវ៉ាន់ បាន និងកំពុងធ្វើការតវ៉ា សម្រាប់ការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលចំពោះហេតុការណ៍នេះ។

កាលពីថ្ងៃអាទិត្យ មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងតៃប៉ិថ្មី (New Taipei) ដើម្បីរិះគន់លើដំណើរការ ដែលត្រូវចំណាយពេលជាច្រើនសប្តាហ៍ សម្រាប់អាជ្ញាធរ ក្នុងតំបន់ ក្នុងការធ្វើតេស្តសុខភាពរបស់កុមារ បន្ទាប់ពីមានការលើកឡើងនូវការសង្ស័យជាច្រើន កាលពីពាក់កណ្តាលខែឧសភា។
ទីភ្នាក់ងារសារព័ត៌មានកណ្តាល (CNA) របស់កោះតៃវ៉ាន់ បានរាយការណ៍ថា កាលពីថ្ងៃទី១៤ ខែឧសភា ឪពុកម្តាយ ៣រូប បានប្រាប់នគរបាលក្នុងតំបន់ថា កូនៗរបស់ពួកគេ មានអាការឆាប់ខឹង និងបង្ហាញអាកប្បកិរិយាធ្វើបាបខ្លួនឯង នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំនេះ។ ឪពុកម្ដាយទាំងនោះ បានបន្ថែមថា ក្មេងៗបានប្រាប់ថា គ្រូរបស់ពួកគេបានឲ្យពួកគេលេបថ្នាំ ហើយការធ្វើតេស្តវេជ្ជសាស្រ្តលើកុមារ បានរកឃើញដាននៃសារធាតុថ្នាំងងុយដេក និងថ្នាំរម្ងាប់ប្រព័ន្ធប្រសាទ។

យោងតាមសេចក្ដីថ្លែងការណ៍មួយ បានឲ្យដឹងថា ការិយាល័យអយ្យការស្រុកនៅទីក្រុងតៃប៉ិថ្មី (New Taipei) ត្រូវបានជូនដំណឹងលើកដំបូងពីការពាក់ព័ន្ធនឹងករណីដែលអាចឲ្យអនីតិជនប្រើថ្នាំញៀន កាលពីថ្ងៃទី១៥ ខែឧសភា។ ៣ថ្ងៃក្រោយ ការិយាល័យបានដឹកនាំកម្លាំងនគរបាលចុះស្រាវជ្រាវសាលាមត្តេយ្យនោះ ហើយត្រឡប់មកវិញជាមួយនឹងឯកសារដែលយកពីកាម៉ារ៉ាសុវត្ថិភាព CCTV និងភ័ស្តុតាងផ្សេងទៀត។ គិតត្រឹមដើមខែមិថុនា ឪពុកម្តាយជាង ១០នាក់ បានរាយការណ៍ករណីនេះទៅនគរបាល។
ការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាល (CNA) បានឲ្យដឹងទៀតថា នាយកដ្ឋានអប់រំក្នុងតំបន់ បានបញ្ជាឲ្យបិទសាលាមត្តេយ្យនេះ និងផាកពិន័យទឹកប្រាក់ចំនួន ១៥០.០០០ដុល្លារតៃវ៉ាន់ថ្មី (ប្រហែល ៤.៨៥០ដុល្លារ)។ នាយកសាលា និងគ្រូបង្រៀន ៤នាក់មកពីសាលាមត្តេយ្យនេះ ត្រូវនគរបាលសាកសួរ។ អ្នកទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ហើយមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់សវនាការនៅតុលាការនោះទេ៕