កំពត៖ ប្រជាពលរដ្ឋខេត្តកំពត ថ្លែងអំណរគុណចំពោះការអនុញ្ញាតឲ្យបន្តប្រើប្រាស់អត្តសញ្ញាណប័ណ្ណផុតសុពលភាព ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋឲ្យបានចូលរួមបោះឆ្នោតគ្រប់ៗគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញអនុក្រឹត្យថ្មីមួយស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាពអាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខបាន។
ជាក់ស្តែង ប្រជាពលរដ្ឋរស់នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានលើកឡើងថា ការអនុញ្ញាតឲ្យបន្តប្រើប្រាស់អត្តសញ្ញាណប័ណ្ណផុតសុពលភាពនេះ ជាការគិតគូរដ៏ល្អបំផុតសម្រាប់ពួកគាត់ ដែលប្រកបមុខរបរ និងកាតព្វកិច្ចការងារដែលមានភាពមមាញឹកក្នុងជីវភាពប្រចាំថ្ងៃ។
សេចក្ដីក្នុងអនុក្រឹត្យបានបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបន្តសុពលភាពអត្តសញ្ញាណសញ្ជាតិខ្មែរគំរូថ្មីដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដាខាងមុខនេះ៕អត្ថបទ៖ ឧត្តម+សុភ័ណ