ចិន៖ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះហ្គាសក្នុងហាងលក់សាច់អាំងកាលពីយប់ថ្ងៃពុធនៅតំបន់ភាគពាយ័ព្យ Ningxia (នីងសៀ) ប្រទេសចិន បានសម្លាប់មនុស្ស ៣១នាក់ ជាហេតុនាំឲ្យលោកប្រធានាធិបតី Xi Jinping ចេញបទបញ្ជាពិនិត្យសុវត្ថិភាពតឹងរឹងជាងមុន ។
សារព័ត៌មានស៊ីនសួ រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ហេតុការណ៍ផ្ទុះហ្គាសក្នុងទីក្រុង Yinchuan រដ្ឋធានីតំបន់ Ningxia បណ្តាលមកពីធ្លាយធុងហ្គាសនៅក្នុងហាង ។
សារព័ត៌មានស៊ីនហួ រាយការណ៍ទៀតថា មនុស្ស ៧នាក់ កំពុងទទួលការព្យាយាលស្នាមរលាក និងរយះសាច់ដោយសារបែកកែវ ។
ដោយឡែក ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា លោកប្រធានាធិបតី Xi បាននិយាយប្រាប់ក្រុមអាជ្ញាធរឲ្យចេញប្រតិបត្តិការភ្លាមៗ ដើម្បីព្យាបាលអ្នករងរបួស ហើយលោកនិយាយថា ការត្រួតពិនិត្យសុវត្ថិភាពនៅតាមឧស្សាហកម្មធំៗ និងតាមវិស័យធុរកិច្ច គួរតែត្រូវបានពង្រឹង ។

សូមបញ្ជាក់ថា ឧបទ្ទេវហេតុផ្ទុះហ្គាស និងសារធាតុគីមី មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសចិន បើទោះបីជាមានការព្យាយាមធ្វើឲ្យល្អប្រសើរសុវត្ថិភាពក៏ដោយ ។
ជាក់ស្តែងកាលពីឆ្នាំ ២០១៥កន្លងទៅ ហេតុការណ៍ផ្ទុះជាច្រើនលើកនៅទីក្រុងកំពង់ផែភាគខាងជើង Tianjin បានសម្លាប់មនុស្ស ១៧៣នាក់ ៕
