ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា ដោយគ្របដណ្តប់ដល់ការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ និងឯកសារពាក់ព័ន្ធផ្សេងទៀត ពីក្រសួងស្ថាប័នចំនួន១២។
ពិធីប្រកាសដាក់ឱ្យដាក់ឱ្យដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ ត្រូវបានរៀបចំឡើងក្រោមអធិបតិរបស់ ឯកកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្រ្តីពាក់ព័ន្ធជាច្រើនរូប។
ការដាក់ដំណើរការប្រព័ន្ធបចុះបញ្ជីអាជីវកម្មតាមថ្នាក់បច្ចេកវិទ្យា ដំណាក់កាលទី៣ គឺបន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការប្រកបដោយជោគជ័យ ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់តាំងពីខែមិថុនាឆ្នាំ២០២០។
ដំណាក់កាលទី១ គឺជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ ដោយបូកបញ្ចូលការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារនៅអគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងបើកសហគ្រាសនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
រីឯដំណាក់កាលទី២ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តោតលើការផ្តល់អាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាតជំនាញ ពីក្រសួង ស្ថាប័នចំនួន៤ ដូចជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយតករអាជីវកម្មអចលនទ្រព្យ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សូមបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ បានចុះបញ្ជីស្ថាពរ ដល់ក្រុមហ៊ុន ចំនួនជាង ២.៦ម៉ឺនក្រុមហ៊ុន ដែលមានទុនវិនិយោគសរុបជាង ៧.៧ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
ដោយឡែក ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២ ទទួលបានពាក្យស្នើសុំអនុម័ត ចំនួនជាង ៦០០ក្រុមហ៊ុន គិតត្រឹមថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៣៕ អត្ថបទ៖ វណ្ណៈ