អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅសេតវិមានកាលថ្ងៃពុធ ដោយមេដឹកនាំទាំងពីររំពឹងថានឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក Modi ។

ប្រភពមួយចំនួនបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា រដ្ឋបាលរបស់លោក Biden នឹងកំណត់ពេលវេលានៃដំណើរទស្សនកិច្ចនេះ ដើម្បីជួយសម្រួលដល់ប្រជាជនឥណ្ឌាដែលមានជំនាញក្នុងការរស់នៅ និងធ្វើការនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមបុគ្គលម្នាក់ដែលដឹងពីបញ្ហានេះបានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកអាចប្រកាសភ្លាមៗនៅថ្ងៃព្រហស្បតិ៍នេះថា "ចំនួនតិចតួច" នៃជនជាតិឥណ្ឌា និងពលករបរទេសផ្សេងទៀតដែលមានទិដ្ឋាការប្រភេទ H-1B នឹងអាចបន្តទិដ្ឋាការទាំងនោះនៅសហរដ្ឋអាមេរិកដោយមិនចាំបាច់ធ្វើដំណើរទៅប្រទេសផ្សេងដើម្បីបន្តទិដ្ឋាការឡើយ។
នេះគឺជាផ្នែកមួយនៃកម្មវិធីសាកល្បងដែលអាចត្រូវបានពង្រីកនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយជួយកម្មករជំនាញឲ្យចូល ឬបន្តនៅក្នុងប្រទេស។ ប៉ុន្តែដំណើរការនេះធ្វើឡើងដោយមានសម្ពាធលើលោក Biden ពីសមាជិកបក្សប្រជាធិបតេយ្យរបស់លោកក្នុងការលើកឡើងពីបញ្ហាសិទ្ធិមនុស្សជាមួយលោក Modi ស្របពេលមានកង្វល់អំពីការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់គណបក្សជាតិនិយមហិណ្ឌូ Bharatiya Janata របស់លោក Modi ។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោក Biden ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហានេះជាមួយមេដឹកនាំឥណ្ឌា។ ភាគីទាំងពីរគ្រោងនឹងថ្លែងសុន្ទរកថា និងទទួលយកសំណួរពីអ្នកកាសែតនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Modi មិនបានថ្លែងសុន្ទរកថាក្នុងសន្និសីទកាសែតណាមួយសោះឡើយក្នុងប្រទេសឥណ្ឌាចាប់តាំងពីលោកក្លាយជានាយករដ្ឋមន្ត្រីប្រហែលប្រាំបួនឆ្នាំមកនេះ៕