អាមេរិក៖ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយក្រុមអ្នកតំណាងនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅក្នុងទីក្រុងឡុងដ្រ៏ ចក្រភពអង់គ្លេសរួចមក ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា ក្រុមប្រទេស G7 បានបញ្ជាក់ពីការឯកភាពរបស់ពួកគេ និងបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ការសម្របសម្រួលជិតស្និទ្ធ ក្នុងការទប់ទល់ជាមួយចិន ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រទេស G7បានកត់សម្គាល់ឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើការទប់ទល់ជាមួយចិន ហើយនិងបានបញ្ជាក់ឡើងវិញថា ក្រុមប្រទេស G7 ត្រូវតែរួបរួមគ្នាខ្លាំងជាងមុន ដែលពុំធ្លាប់ដែលមានកាលពីមុនមក ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក និយាយថា លោក Blinken បានជួបពិភាក្សាការងារជាមួយក្រុមអ្នកតំណាងមកពីកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងចក្រភពអង់គ្លេស ហើយនិងសហភាពអឺរ៉ុប នៅក្រៅវេទិកាកិច្ចប្រជុំនៅទីក្រុងឡុងដ៍្រ ហើយលោកបានរៀបរាប់ប្រាប់ពួកគេពីជំនួបរបស់លោកជាមួយក្រុមមេដឹកនាំចិន អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះរបស់លោក ។

ជំនួបក្រុមប្រទេស G7របស់លោក Blinken បានកើតមានរយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenបានចាត់ទុកប្រធានាធិបតីចិនលោក Xi Jinping ថាជាជនផ្តាច់ការ ។ ចិននិយាយថា ការឣត្ថាធិប្បាយរបស់លោកBiden ដែលបានធ្វើឡើងនៅក្នុងកម្មវិធីរៃអង្គាសប្រាក់ គឺមិនទំនងទាល់តែសោះ និងជាការបង្កហេតុ ។
សូមបញ្ជាក់ថា លោក Blinken ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ដែលមានគោលដៅធ្វើឲ្យមានស្ថិរភាពឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលទីក្រុងប៉េកាំង និយាយថា បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីទំនាក់ទំនងផ្លូវការរបស់ពួកគេ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៧៩ ៕