បាល់ទាត់៖ ក្លិបអេស្ប៉ាញ Atletico Madrid បានបោះមួយជំហានទៀតក្នុងដំណើរឆ្ពោះគ្រងជើងឯក La Liga ជាលើកដំបូងតាំងពីឆ្នាំ២០១៤ ក្រោយជ័យជំនះលើ Real Sociedad ២-១។ Yannick Carrasco និង Angel Correa រកបានម្នាក់មួយគ្រាប់អោយ Atletico Madrid នាំមុខ ២-០ មុនក្នុងវគ្គទី១ ខណៈ Real Sociedad រង់ចាំដល់នាទីទី៨៣ ទើបអាចរកគ្រាប់តាមពីក្រោយបានដោយ Igor Zubeldia។

តែមិនគ្រប់គ្រាន់ឡើយ ខណៈក្រុមរបស់លោក Diego Simeone រក្សាការនាំមុខ និងយកឈ្នះការប្រកួតនេះ ២-១។ លេងបាន ៣៦ប្រកួត Atletico Madrid កំពុងនាំមុខក្រុមលេខ២ Barcelona ៤ពិន្ទុ និងនាំមុខក្រុមលេខ Real Madrid ៥ពិន្ទុតែក្រុមរបស់លោក Zinedine Zidane ត្រូវប្រកួតយប់នេះនៅទឹកដី Grenada។ ប្រសិនបើ Real Madrid មិនអាចរក ៣ពិន្ទុបានយប់នេះមានន័យថា Atletico Madrid ត្រូវការជ័យជំនះតែ ១ប្រកួតទៀតដើម្បីគ្រងជើងឯករដូវកាលនេះ។
ពីរប្រកួតបន្ទាប់របស់ Atletico Madrid គឺត្រូវជួប Osasuna ថ្ងៃអាទិត្យនេះ និងទៅទឹកដី Real Valladolid សប្តាហ៍ចុងក្រោយ។ ចំណែកប្រកួតផ្សេងទៀតយប់មិញក្រុមលេខ៤ Sevilla ក៏រកបាន ៣ពិន្ទុផងដែរក្រោយជ័យជំនះ ១-០ លើ Valencia ធ្វើអោយក្រុមរបស់លោក Julen Lupetegui នៅពេលនេះដេញពីក្រោយ Real Madrid តែ ១ពិន្ទុប៉ុណ្ណោះ និងដេញពីក្រោយក្រុមលេខ២ Barcelona ២ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ