
អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO) លោក Tedros Adhanom Ghebreyesus និយាយកាលពីថ្ងៃពុធថា អង្គការរបស់លោកនឹងត្រៀមខ្លួនសម្រាប់ការរីករាល ដាលឆ្លងជំងឺកើនឡើង ដូចជាជំងឺគ្រុនឈាម ហ្ស៊ីកា និងជំងឺឈីក ដោយសារតែលទ្ធភាពខ្ពស់បំផុតនៃកើតមានបាតុភូតអាកាសធាតុ El Nino ក្នុងឆ្នាំ ២០២៣ និងឆ្នាំ២០២៤។
យោងតាមទិន្នន័យផ្លូវការដែលបានបញ្ចេញកាលពីសប្តាហ៍មុន បានឲ្យដឹងថា ប៉េរូ កំពុងស្ថិតនៅកណ្តាលនៃការរីករាលឆ្លងជំងឺគ្រុនឈាម ដែលធ្លាប់កើតមានករណីឆ្លង និងស្លាប់ច្រើនបំផុត។ ចំនួនមនុស្សស្លាប់សរុបពីការរីករាលដាលជំងឺនេះ បានកើនឡើងដល់ ២៤៨នាក់ ស្របពេលដែលពួកគេរាយការណ៍ករណីឆ្លងកើនឡើងជាង ១៤៦.០០០នាក់។
ការរីករាលដាលឆ្លង ទំនងជាកាន់តែធ្ងន់ធ្ងរទៅ ពេលភ្លៀងខ្លាំងដោយសារបាតុភូមអាកាសធាតុ El Ninoនាំឲ្យកើតមានការហក់ឡើងខ្ពស់ចំនួនមុសចម្លងជំងឺគ្រុនឈាម ។
ដោយឡែក នៅក្នុងប្រទេសអាហ្សង់ទីនវិញ ករណីឆ្លងជំងឺគ្រុនឈាមជាង ៤១.០០០ត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០២៣នេះ គិតត្រឹមខែមេសា ហើយតំបន់ Santa Cruz របស់ប្រទេសបូលីវី ក្រុមអាជ្ញាធរស្ថិតក្រោមការប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺនេះ ដែលរួមទាំងមនុស្សឆ្លងរាប់ពាន់នាក់កាលពីដំណាច់ខែកុម្ភៈ ។
សូមបញ្ជាក់ថា El Nino គឺជាបាតុភូតធម្មជាតិដែលនឹងបង្កឲ្យកើតមានព្យុះស៊ីក្លូនត្រូពិក នៅតំបន់ប៉ាស៊ីហ្វិក ធ្វើឲ្យកើតមានភ្លៀងធ្លាក់ខ្លាំង និងបង្កហានិភ័យទឹកជំនន់នៅក្នុងតំបន់៕
