
កាលពីមួយឆ្នាំមុន ដីវាលទំហំ ១,៣ ហិចតាដែលពោរពេញដោយធូលីដីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះគឺមានភាពស្ងួតហួតហែងដោយសារជំងឺកូវីដ១៩ និងការរីករាលដាលនៃជំងឺឣុតក្តាម (FMD) ដែលបានសម្លាប់សត្វពាហនៈជាង ២២.០០០ ក្បាលនៅក្នុងប្រទេសនេះ។ ឆ្នាំនេះ ទីផ្សារសត្វពាហនៈនៅតំបន់ Jonggol ត្រឡប់មកសភាពធម្មតាវិញ នៅមុនពិធីបុណ្យអ៊ីតនៅសប្តាហ៍ក្រោយ ដោយមានសត្វគោ និងចៀមរហូតដល់ ៨០០ ក្បាលបានដាក់តម្រង់ជួរលក់នៅថ្ងៃតែមួយ។
អ្នកលក់ម្នាក់នៅក្នុងផ្សារ Haji Kabul មានសង្ឃឹមកាន់តែច្រើននៅឆ្នាំនេះជាមួយនឹងគុណភាពនៃសត្វពាហនៈ និងតម្រូវការកើនឡើងមុនថ្ងៃបុណ្យអ៊ីត។ លោក Badrussalam ដែលជាអ្នកទិញប្រចាំម្នាក់នៅផ្សារនោះដែលធ្លាប់ទិញសត្វគោរហូតដល់ ២០ ក្បាលក្នុងមួយឆ្នាំបាននិយាយថា លោកមានអារម្មណ៍ធូរស្រាលនៅពេលដែលវិធានការសុខភាពសត្វពាហនៈត្រូវបានធ្វើឡើងនៅឆ្នាំនេះ។
ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងចំនួនអ្នកទិញជាច្រើននៅឆ្នាំនេះ គេក៏បានកត់សម្គាល់ពីកំណើននៃតម្លៃសត្វពាហនៈផងដែរ។ អ្នកលក់ក្នុងស្រុកម្នាក់បាននិយាយថា លោកបានឡើងថ្លៃសត្វពាហនៈរហូតដល់ ២០ ភាគរយ។
អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ៤% កាលពីខែឧសភា ដែលត្រូវគ្នានឹងតួលេខគោលដៅរបស់ធនាគារកណ្តាល។ ពិធីបុណ្យអ៊ីត ដែលត្រូវបានគេស្គាល់ថាជា "ពិធីបុណ្យនៃការបូជា" គឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយនៅក្នុងប្រតិទិនឥស្លាម ហើយវាត្រូវនឹងថ្ងៃទី ២៨ ខែកក្កដាឆ្នាំនេះសម្រាប់ប្រទេសឥណ្ឌូនេស៊ី៕
