ភ្នំពេញ ៖អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២២ ខែមិថុនានេះ បានប្រកាសបន្ថែមដល់ប្រជាពលរដ្ឋឱ្យដឹងថា អនុលោមតាមមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីបោះឆ្នោតប្រជាពលរដ្ឋនោះអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណដើម្បីបោះឆ្នោតបាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.បបានឱ្យដឹងថា ការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតនេះ គឺបានចាប់ផ្តើមពីថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។ អាជ្ញាធរឃុំ សង្កាត់ និងគណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវបានអនុញ្ញាតឱ្យចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) តាមការស្នើសុំជូនប្រជាពលរដ្ឋស្របតាមសេចក្ដីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប លេខ ០៣៤ ស.ណ.ន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។
យោងតាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ កាលបរិច្ឆេទសម្រាប់ការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញណបម្រើឱ្យការបោះឆ្នោត តាមឃុំសង្កាត់មានរយៈពេល ៣០ ថ្ងៃ គឺចាប់ធ្វើ ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ត្រឹមម៉ោង ៥:៣០នាទីល្ងាច។
គ.ជ.បបញ្ជាក់ថាដើម្បីស្នើសុំឯកសារបញ្ជាក់អន្តសញ្ញាណបម្រើឱ្យការបោះឆ្នោត អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌ ដូចជាត្រូវស្នើសុំក្នុងអំឡុងកាលបរិច្ឆេទដូចបានបញ្ជាក់ខាងលើ, ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខ គឃ.សប នៃឃុំសង្កាត់ដែលសាមីខ្លួនមានឈោ្មះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងត្រូវបំពេញពាក្យស្នើសុំ និងត្រូវផ្តិតស្នាមម្រាមដៃនៅចំពោះមុខប្រធានគឃ.សប, ត្រូវផ្តល់ស្នាមម្រាមដៃតាមការណែនាំរបស់សមាជិក គឃ.សប ទទួលបន្ទុកលើការងាររដ្ឋបាល និងថតរូបសម្រាប់ការផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត៕ អត្ថបទ៖ វ៉ន ដារ៉ា






