
អ្នកស្រុកមកពីទីក្រុង Iwaki ដែលជាទីក្រុងធំជាងគេក្នុងខេត្ត Fukushima របស់ប្រទេសជប៉ុន និយាយថា ពួកគេមានកង្វល់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុន ក្នុងការទទួលយកយ៉ាងឆាប់រហ័សនូវផែនការដ៏ចម្រូងចម្រាស ដើម្បីបង្ហូរទឹកកង្វក់សារធាតុនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលរងការខូចខាត ចូលទៅក្នុងសមុទ្រ ដោយពួកគេជឿជាក់ថា ការធ្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងមនុស្សកាន់តែខ្លាំងឡើង។
នៅក្នុងខែឧសភា កម្រិតខ្ពស់នៃសារធាតុគីមីសេស្យូមវិទ្យុសកម្ម ដែលលើសពីដែនកំណត់សុវត្ថិភាពខ្លាំងត្រូវបានគេរកឃើញនៅក្នុងត្រីមួយប្រភេទ ដែលចាប់បាននៅក្នុងឈូងសមុទ្រក្បែររោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញដោយសារគ្រោះការរញ្ជួយដី ក្នុងឆ្នាំ២០១១។
អ្នកស្រុកក្រុង Iwaki និយាយថា ពួកគេជឿថា ការបង្ហូរទឹកកង្វក់សារធាតុនុយក្លេអ៊ែរទៅក្នុងមហាសមុទ្រ មិនត្រឹមតែបណ្តាលឲ្យមានការបំពុលដោយវិទ្យុសកម្ម និងគ្រោះមហន្តរាយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញជីវភាពអ្នកនេសាទក្នុងតំបន់ផងដែរ។
លោក Ishii Hideki វ័យ ៦៤ឆ្នាំ ដែលជាម្ចាស់រោងចក្រកែច្នៃត្រីមួយនៅទីក្រុង Iwaki។ រោងចក្ររបស់លោកបានឆ្លងកាត់ការលំបាកជាច្រើន ដោយសារការលើសកម្រិតសារធាតុវិទ្យុសកម្ម ត្រូវបានរកឃើញក្នុងខ្លួនរបស់ត្រី នៅម្ដុំឆ្នេរសមុទ្រ Fukushima ជាច្រើនដង។
ក្រុមហ៊ុន TEPCO ដែលជាប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលលែងដំណើរការ បានចាប់ផ្តើមប្រតិបត្តិការសាកល្បងទីកន្លែងរបស់ខ្លួនដែលសាងសង់ឡើង ដើម្បីទុកបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ដែលឆ្លងកាត់ការសម្លាប់វីរុសហើយចេញពីរោងចក្រ នៅចំកណ្ដាលការតវ៉ាប្រឆាំងយ៉ាងខ្លាំងក្លាទាំងក្នុងប្រទេស និងក្រៅប្រទេស កាលពីថ្ងៃទី១២ ខែមិថុនា។ ការសម្រេចចិត្តនេះបានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសជប៉ុន ក៏ដូចជានៅក្នុងប្រទេសជិតខាងកូរ៉េខាងត្បូង ចិន ហ្វីលីពីន និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផងដែរ៕
