
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Sergei Shoiguបាននិយាយប្រាប់ក្រុមនិស្សិតបញ្ចប់ការសិក្សាសាលាយោធាកាលពីថ្ងៃពុធថា សមូហភាពលោកខាងលិច កំពុងធ្វើសង្រ្គាមពិតប្រាកដជាមួយរុស្ស៊ី ។
ថ្លែងជាមួយលោកប្រធានាធិបតី Vladimir Putinនៅក្នុងព្រឹត្តការណ៍នៅឯវិមានក្រឹមឡាំង លោក Shoiguបន្តថា យោធារុស្ស៊ី នឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីធានាដល់សន្តិសុខប្រទេសមួយនេះ។
លោក Shoigu បានចាប់ផ្តើមគំរាមវាយប្រហារលើមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តនៅអ៊ុយក្រែន បើសិនជាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន វាយប្រហារដែនដីរបស់សហព័ន្ធរុស្ស៊ី ឬឧបទ្វីបគ្រីមៀ។
លោកបាននិយាយប្រាប់សារព័ត៌មានរុស្ស៊ីថា យោងតាមព័ត៌មានដែលទទួលបាន ថ្នាក់ដឹកនាំនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន មានគម្រោងបើកការវាយប្រហារមកលើទឹកដីសហព័ន្ធរុស្ស៊ី ដែលរួមទាំងឧបទ្វីបគ្រីមៀផងដែរ ដោយប្រើប្រាស់មីស៊ីល HIMARS និងមីស៊ីល Storm Shadow ។
លោក Shoigu បានព្រមានថា ការប្រើប្រាស់មីស៊ីលទាំងអស់នេះនៅក្រៅតំបន់ប្រតិបត្តិការសឹកពិសេស នឹងមានន័យថាជាការពាក់ព័ន្ធពេញលេញរបស់សហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងជម្លោះ ដែលនឹងនាំឲ្យមានការវាយប្រហារភ្លាមៗលើមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តនៅអ៊ុយក្រែន ៕