ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៦នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ខណៈរកឃើញមនុស្ស ៤៤៦នាក់បន្ថែមទៀត បានឆ្លងមេរោគផ្លូវដង្ហើមនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា តួលេខអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ បានកើនឡើងទៅដល់ ១៤២នាក់ហើយ ក្នុងនោះមានទាំងអ្នកស្លាប់ថ្មី ៦នាក់ដែលក្រសួងប្រកាសនៅព្រឹកនេះផងដែរ។
ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មនុស្ស ៤៤៦នាក់ផ្សេងទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកឆ្លងថ្មីដល់ទៅ ៤៣១នាក់ បានឆ្លងមេរោគនេះបន្ទាប់ពីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយករណីឆ្លងថ្មី ១៥នាក់ទៀត គឺជាករណីនាំចូល។
គិតត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានមនុស្សដល់ទៅ ២១ ១៤១នាក់ហើយត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសគិតចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក នៅពេលដែលកម្ពុជាប្រកាសរកឃើញករណីឆ្លងលើកដំបូង។
ចំណែកឯតួលេខអ្នកជាសះស្បើយវិញ ក្រសួងសុខាភិបាលបញ្ជាក់ថា បានកើនឡើងដល់ ៩ ៥១៩នាក់ហើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មីរហូតដល់ ៩៨០នាក់ ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕
