ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីចំនួន ១០នាក់ ក្នុងការប្រកួតប្រជែងសសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ លើប្រធានបទ “ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក”។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា សិស្សានុសិស្សទាំងអស់ ពិតជាទទួលបានបទពិសោធន៍ល្អៗ តាមរយៈការចូលរួមការប្រកួតប្រជែងនេះ ដែលជួយដល់ការបង្កើនសមត្ថភាព ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀតទាំងក្នុងស្រុក និងអន្តរជាតិ។ ឯកឧត្តម បានបន្តថាការប្រកួតប្រជែងនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍ និងបញ្ញើឆាប់រហ័ស។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភី ទាំងអស់ ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀតដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។ ឯកឧត្តមបន្ថែមទៀតថា វិស័យប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយបានដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងរហូតដល់ជនបទ។
សូមបញ្ជាក់ថា សម្រាប់បេក្ខជនជ័យលាភីលេខ១ ពីការប្រកួតប្រជែងសសេរសំបុត្រថ្នាក់ជាតិលើកទី២នេះ ត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ រៀបចំដោយសហភាពប្រៃសណីយ៍សកល ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេស១៩២ នៅលើពិភពលោក។ ហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុងអំឡុងទិវាប្រៃសណីយ៍ពិភពលោក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ អត្ថបទ ៖ ឈិត បូរ៉ាវី









