
នៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា)នេះ បណ្ដាមេដឹកនាំរដ្ឋាភិបាល និងអន្តរជាតិបានទៅដល់វិមាន Palais Brongniart (ប៉ាឡេ ប្រង់ញ៉ា) ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងសម្រាប់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុក្នុងគោលបំណងកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការបន្ធូរបន្ថយបន្ទុកបំណុលរបស់ប្រទេសដែលមានចំណូលទាប ខណៈដែលផ្ដល់មូលនិធិបន្ថែមទៀតសម្រាប់ហិរញ្ញប្បទានអាកាសធាតុ។
ប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ដែលនឹងនាំមេដឹកនាំរាប់សិបនាក់មកជួបជុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងដើម្បីស្វែងរកការស្របមតិគ្នាកម្រិតកំពូលលើមធ្យោបាយជំរុញជំហានរីកចម្រើននៃគំនិតផ្តួចផ្តើមមួយចំនួន។
ទោះបីជាការសម្រេចមានចំណងផ្លូវច្បាប់មួយមិនត្រូវបានគេរំពឹងទុកក៏ដោយ ក៏ក្រុមមន្ត្រីដែលពាក់ព័ន្ធនៅក្នុងផែនការនៃកិច្ចប្រជុំកំពូល បាននិយាយថា ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាមួយចំនួនគួរតែត្រូវបានធ្វើឡើងស្តីពីការផ្តល់ហិរញ្ញប្បទានដល់បណ្ដាប្រទេសក្រីក្រ៕