
អ្នកសង្កេតការណ៍បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា) នេះ ថា ការនាំយកនាវាមុជទឹក Titan ដែលបានបាត់ និងអ្នកនៅក្នុងនាវាទាំង ៥រូបត្រឡប់មកកាន់ទីសុវត្ថិភាពវិញឲ្យទាន់ពេលវេលានោះ នឹងក្លាយជាកិច្ចការដ៏លំបាកបំផុត បើទោះបីជាក្រុមអ្នកជួយសង្គ្រោះអាចកំណត់ទីតាំងនាវាក្នុងសមុទ្រទឹកជ្រៅបានក៏ដោយ ។
ការប្រឈមដ៏លំបាកនេះ កើតឡើងក្នុងខណៈដែលក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងស្វែងរកនាវាមុជទឹកនៅក្បែរបំណែកកប៉ាល់ទីតានិក (Titanic) ផ្តោតការប្រឹងប្រែងរបស់ពួកខ្លួននៅលើទីតាំងដាច់ស្រយាលនៃមហាសមុទ្រអាត្លង់ទិកខាងជើង ជាទីដែលចាប់បានសំឡេងលាន់ឭនៅក្រោមទឹក។
លោកសាស្ត្រាចារ្យ Stefan Williams នៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវវិស័យមនុស្សយន្ត (Australian Centre for Field Robotics) នៅសាកលវិទ្យាល័យស៊ីដនី បាននិយាយថា៖ «វាធ្វើឲ្យយើងមានសង្ឃឹមខ្លះដែរថា ពួកគេអាចនៅមានជីវិត»។
តែយ៉ាងណាក្ដី លោកសាស្ត្រាចារ្យ Williams ប្រាប់ថា បញ្ហាប្រឈមដ៏ធំ នៅតែមាន សម្រាប់ក្រុមអ្នកស្វែងរកនាវានេះ ជាពិសេសពាក់ព័ន្ធនឹងពេលវេលានៃការអស់អុកហ្ស៊ីសែន ដែលតាមការប៉ាន់ស្មាន អាចនឹងអស់នៅថ្ងៃព្រហស្បតិ៍នេះ។
បញ្ហាធំមួយទៀតគឺថា សូម្បីតែបន្ទាប់ពីអាចរកឃើញទីតាំងនាវាមុជទឹក Titanនោះ ក៏ដោយ ក៏អ្នកជំនាញបានសង្កត់ធ្ងន់ថា កិច្ចប្រឹងប្រែងជួយសង្គ្រោះទំនងជាពាក់ព័ន្ធនឹងឧបករណ៍យានបញ្ជាពីចម្ងាយ ជាមួយនឹងអ្វីដែលមើលឃើញច្បាស់នោះ គឺឧបសគ្គជុំវិញនាវានោះ និងកន្លែងដែលត្រូវភ្ជាប់ខ្សែកាប ដើម្បីទាញនាវាឡើងពីក្នុងទឹកជម្រៅប្រហែល ៤.០០០ម៉ែត្រ ដែលភារកិច្ចនេះនឹងត្រូវការពេលវេលា៕