
លោកអធិការបតី Olaf Scholz បានប្រាប់សភាអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)នេះ ថា លោកបានព្រមានប្រទេសចិន ក្នុងអំឡុងកិច្ចពិភាក្សាកាលពីដើមសប្តាហ៍នេះទល់នឹងការប្រើប្រាស់កម្លាំង ដើម្បទទួលបានជោគជ័យលើការផ្លាស់ប្តូរដែនដី ជាពិសេសការប្រើកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់។
លោក Scholz បានទទួលគណៈប្រតិភូដ៏ធំរបស់ចិន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Li Qiang នៅក្នុងកិច្ចប្រជុំកំពូលទល់មុខគ្នាជាលើកដំបូងក្នុងសប្តាហ៍នេះ គិតចាប់តាំងពីមានជំងឺរាតត្បាតមក ក្នុងពេលដែលមានការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងលោកខាងលិច និងប្រទេសចិន។
លោក Scholz បាននិយាយថា៖ «យើងបដិសេធយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅសមុទ្រចិនខាងកើត និងខាងត្បូង ដោយប្រើកម្លាំង ឬការបង្ខិតបង្ខំ។ នេះជាភាពត្រឹមត្រូវជាពិសេសសម្រាប់កោះតៃវ៉ាន់។
ជាមួយគ្នានេះ យើងក៏មានការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស និងស្ថានភាពនីតិរដ្ឋនៅប្រទេសចិនផងដែរ»។ នៅពេលថ្លែងទៅកាន់សមាជិកសភា លោក Scholz ក៏បានជំរុញឲ្យប្រទេសទួរគីបើកផ្លូវឲ្យប្រទេសស៊ុយអែតក្លាយជាសមាជិកនៃសម្ព័ន្ធភាពយោធាណាតូ ហើយបាននិយាយថា ស៊ុយអែតគួរតែមានកៅអីនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ នាពេលខាងមុខ។
លោកអធិការបតី Scholz ក៏បានសន្យាផងដែរនូវការធានាសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន ប៉ុន្តែក៏បានឆ្លៀតបង្ហើបពីការបង្អាក់ក្តីសង្ឃឹមរបស់ទីក្រុងគីវ (Kyiv) ដែលថាមិនចូលជាសមាជិកអង្គការ NATO ភ្លាមៗនោះ ដោយនិយាយថា យើងត្រូវពិនិត្យមើលស្ថានភាពបច្ចុប្បន្ន៕