ភ្នំពេញ៖ កំពង់ផែអន្តរជាតិ ឈីងចូវ ស្ថិតក្នុងតំបន់ស្វយ័តខេត្តគ័ងស៊ី ប្រទេសចិន បានអភិវឌ្ឍន៍ខ្លួនទៅជាកំពង់ផែវៃឆ្លាត ដោយមានការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលកាន់តែច្រើនជាងមុន និងបញ្ញាសប្បនិមិត្ត (AI) ខណៈកំពង់ផែនេះ ជាច្រកពាណិជ្ជកម្ម និងដឹកជញ្ជូនដោយតភ្ជាប់ខេត្តជាច្រើនក្នុងប្រទេសចិន ទៅកាន់កំពង់ផែដទៃផ្សេងៗ ទៀតនៅក្នុង ប្រទេស និងតំបន់ជុំវិញពិភពលោក។
លោក ចូវ គួយអាន មន្ត្រីផ្នែកព័ត៌មានកំពង់ផែឆ្លាតវៃ ឈីងចូវ បានពណ៌នាប្រាប់ក្រុមអ្នកសារព័ត៌កម្ពុជាល្បីៗចំនួន ៩អង្គភាព ដឹងថា កំពង់ផែនេះត្រូវបានគេចាត់ទុកថាជាលើកទី៧ របស់ចិន ដែលបានផ្លាស់ប្ដូរពី បុរាណទៅ ជាកំពង់ផែ វៃឆ្លាត ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយគេនៅលើពិភពលោកដំបូងរបស់ចិន ដែលដឹកទំនិញ តភ្ជាប់ពី កំពង់ផែទៅផ្លូវរថភ្លើងដឹកយកទៅចែកចាយនៅតាមតំបន់នានាក្នុងប្រទេសចិន និងនៅលើពិភពលោកផងដែរ។ លោកឲ្យដឹងទៀតថា កំពង់ផែវៃឆ្លាតមួយនេះ គឺប្រើប្រាស់នៅប្រព័ន្ធទំនើបៗដូចជា៖ ប្រព័ន្ធសិប្បនិមិត្ត អេអាយ, GPS, សាកថ្ម និងត្រីវិស័យនានាក្នុងការដឹកជញ្ជូនទំនិញទាំងនោះ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែអស្ចារ្យនោះ នៅពេល ដែលរថយន្តទាំងនោះអស់ថ្ម គឺរថយន្តទាំងនោះអាចទៅសាកថ្មដោយខ្លួនឯង មិនចាំបាច់មានមនុស្សនាំយកទៅសាកថ្មនោះទេ។
គិតមកដល់ពេលនេះ កំពង់ផែវៃឆ្លាត ឈីងចូង បានដាក់ឱ្យដំណើរការអស់រយៈពេល ២ឆ្នាំ។ កំពង់ផែនេះ អាចផ្ទុកទំនិញបានចំនួនប្រមាណ ២លាន ៦០ម៉ឺនតោន ហើយកាប៉ាល់អាចដឹកទំនិញចូលចតបាន ចាប់ពីទំងន់ ១០ទៅ២០ម៉ឺនតោន។
សូមបញ្ជាក់ថា បន្ទាប់ពីចប់ទស្សនកិច្ចកំពង់ផែវៃឆ្លាត ឈីងចូវ ក្រុមអ្នកសារព័ត៌កម្ពុជាទាំង ៩អង្គភាព បានបន្តដំណើរសិក្សាស្វែងយល់នៅវិទ្យាស្ថានកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យជាតិ គ័ងស៊ី ដែលមានផ្តល់សេវាអប់រំបណ្តុះបណ្តាលជំនាញចំនួន៥ ដូចជា៖ ផ្នែកសេដ្ឋកិច្ច, ផ្នែកកាត់បន្ថយភាពក្រីក្រ, ផ្នែកការអប់រំ, ផ្នែកទំនាក់ទំនងអន្តរជាតិ និងផ្នែកសន្ដិសុខ៕ ដោយ ៖ បូរ៉ាវី









