
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង ១១១ លើ ១១១ សំឡេង ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ជាកិច្ចចាប់ផ្ដើមនៃកិច្ចប្រជុំនេះលោកទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នករាការណ៍សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជូនអង្គរសភា។ ចំណែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដោយបានឯកភាពទាំងស្រុងលើសេចក្ដីរាយការណ៍របស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា។

អង្គប្រជុំនៃរដ្ឋសភាបានឯភាព និងអនុម័តយកសេចក្ដីព្រាងច្បាប់នេះមកពិភាក្សា និងអនុម័តលើសំឡេង ១១១ លើ ១១១ សំឡេងនៃអង្គសភា។ លោកទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាជាអ្នកឡើងអាននូវសេចក្ដីទាំងស្រុងនៃមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក្នុងនោះអង្គសភាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតឡើសំឡេង ១១១ លើ ១១១ សំឡេង។
សំណើធ្វើវិសោធនកម្មនេះ ត្រូវបានធ្វើឡើងស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពិសេស វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា «បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ឱ្យគេបោះឆ្នោត ត្រូវកំណត់ក្នុងច្បាប់» ហើយទន្ទឹមនេះ សំណើធ្វើវិសោធនកម្មនេះ ក៏មិនធ្វើឱ្យប៉ះពាល់ឡើយដល់ «សិទ្ធិបោះឆ្នោត»របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រ កម្ពុជា។ «ការទៅបោះឆ្នោត» ឬ «ការមិនទៅបោះឆ្នោត» នៅតែជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ និងពុំមែនជាកាតព្វកិច្ចដែលមានចរិតជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត ដូចបណ្តាប្រទេសប្រជាធិបតេយ្យសេរីមួយចំនួនក្នុងពិភពលោកនោះទេ។
សូមជម្រាបថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួមមាន ៨ មាត្រា។ ច្បាប់នេះមានគោលបំណងចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ច្បាប់នេះ មានគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់ក្រោមជាតិ៕





