ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈសម្បត្តិរួចស្រេច ក្នុងការទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ឆ្នាំ២០២៣ ដែលនឹងចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ ហើយពួកគាត់ក៏បានប្តេជ្ញាបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីជាប់ឆ្នោតបន្តដឹកនាំប្រទេស។
ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់បានត្រៀមខ្លួនរួចរាល់ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបានទៅពិនិត្យឈ្មោះរួចរាល់នៅតាមបណ្ឌលនៅមូលដ្ឋានដែលពួកគាត់ត្រូវទៅចូលរួមបោះឆ្នោតផងដែរ ។ ដូច្នោះហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាថ្ងៃ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះ ពួកគាត់ទាំងអស់គ្នា នឹងទៅចូលរួមបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំ និងបន្តនាំការអភិវឌ្ឍ រួមទាំងសុខសន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេស ។
ក្រៅពីការដែលបានត្រៀមខ្លួនជាស្រេច ក្នុងការទៅចូលរួមបោះឆ្នោតនោះ ក្រុមពលរដ្ឋក៏បានបង្ហាញការមើលឃើញពីការអភិវឌ្ឍជាខ្លាំងលើគ្រប់វិស័យទាំងអស់ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនៅទូទាំងប្រទេស ក្រោមការដឹកនាំប្រទេសប្រកបទៅដោយកិត្តិ បញ្ញាញាណដ៏វៀង វៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ពលរដ្ឋ លើកឡើងថា សម្តេចតេជោ ជាស្ថាបនិកប្រទេសដ៏អស្ចារ្យ ដែលសម្តេចបាននាំសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងខ្លាំងខ្លា ជូនជាតិមាតុភូមិ ជាបន្តបន្ទាប់ ។ ក្នុងយុគ្គសម័យបច្ចុប្បន្ននេះ ពួកគាត់ បានសម្លឹងឃើញអគារខ្ពស់ៗស្កឹមស្កៃជាច្រើន នៅពាសពេញផ្ទៃប្រទេស ពិសេសរាជធានីភ្នំពេញ , ផ្លូវថ្នល់ ផ្លូវជាតិ និងផ្លូវល្បឿនលឿនជាច្រើនខ្សែ បានស្ថាបនាឡើងជាបន្តបន្ទាប់ទៀត ។
ដោយបានសារតែមើលឃើញពីការអភិវឌ្ឍ ក្រោមការដឹកនាំរបស់សម្តេចតេជោ នោះហើយ ទើបក្រុមពលរដ្ឋ បានបង្ហាញទឹកចិត្តនៅបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត និងបន្តបោះឆ្នោតជូនគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៧ ឆ្នាំ២០២៣ខាងមុខនេះ ៕ អត្ថបទ ៖ លីហេង

