ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ AFC U17 Asian Cup បានបញ្ចប់ការប្រកួតវិលជុំក្នុងពូល B ហើយខណៈអ៊ីរ៉ង់ជាក្រុមលេខ ១ ក្រោយឈ្នះកូរ៉េ។
ពីរគ្រាប់ផ្ទួនៗរបស់អ៊ីរ៉ង់ដោយ Andarz នាទីទី ១៨ និង Sadeghi នាទីទី ១៩ គ្រប់គ្រាន់ល្មមសម្រាប់អ៊ីរ៉ង់ទទួលបានបីពិន្ទុដែលជាជ័យជំនះ ៣ ប្រកួតផ្ទួនៗនៅក្នុងពូល B។

ក្រុមលេខ ១ ពូល B អ៊ីរ៉ង់ត្រូវជួបជាមួយក្រុមលេខ ២ ពូល A យ៉េមែន ខណៈកូរ៉េស្គាល់បរាជ័យដំបូងបានបញ្ចប់ពូល B ជាក្រុមលេខ ២ នឹងត្រូវជួបជាមួយក្រុមលេខ ១ ពូល A ម្ចាស់ផ្ទះថៃ។
មួយប្រកួតទៀតបង្គ្រប់កិច្ចក្នុងពូល B នេះដែរ អាហ្វហ្កានីស្ថានយកឈ្នះកាតា ២-១។ Habibullah Hotak ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យអាហ្វហ្កានីស្ថាន។
ងាកមកការប្រកួតនៅក្នុងពូល C វិញ អូស្រ្តាលីបានយកឈ្នះតាជីគីស្ថាន ២-០ ដោយគ្រាប់បាល់របស់ Bennie នាទីទី ៦៨ និង Amanatidis នាទីទី ៩០+៩ ដែលធ្វើឱ្យអូស្រ្តាលីកក់កៅអីនៅវគ្គ ៨ ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ ២ ក្នុងពូល។
ចំណែកឯអារ៉ាប៊ីសាអ៊ូឌីតរកបានជ័យជំនះ ៣ ប្រកួតផ្ទួនៗក្រោយយកឈ្នះចិន ៣-០ ដោយគ្រាប់បាល់របស់ Al-Muwallad, Al-Bishri និង Al-Yahebi ដើម្បីបញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ ១។
សម្រាប់ការប្រកួតថ្ងៃនេះ នឹងជាការប្រកួតបង្ហើយក្នុងពូល D រវាងជប៉ុនជួបឥណ្ឌា និង វៀតណាម ជួបអ៊ូសប៊ែគីស្ថាន៕ អត្ថបទ៖នាង សុភាវុធ



